ប្រធានាធិបតីទីម័រឡេស្តេ ស្នើឱ្យកម្ពុជាពិចារណាលទ្ធភាព ក្នុងការវិនិយោគ និងការបើកជើងហោះហើរត្រង់ នៃប្រទេសទាំងពីរ
ភ្នំពេញ៖ ឯកឧត្តម ចូសេ រ៉ាម៉ូស ហូតា (José Ramos-Horta) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បានស្នើឱ្យកម្ពុជាពិចារណាលទ្ធភាព ក្នុងការវិនិយោគ និងធ្វើអាជីវកម្មរួមគ្នានៅក្នុងវិស័យអាកាសចរណ៍ និងការបើកជើងហោះហើរត្រង់ ដែលនឹងកាន់តែបង្កើនភាពជិតស្និទ្ធរវាងប្រជាជន និងសេដ្ឋកិច្ច នៃប្រទេសទាំងពីរផងដែរ។
ថ្លែងក្នុងឱកាសដែលឯកឧត្តមប្រធានាធិបតី បានជួបពិភាក្សាការងារ ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាទីស្នាក់ការកណ្ដាលអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាល្ងាចថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។
ជាមួយគ្នានេះ សម្ដេចធិបតី និង ឯកឧត្តមប្រធានាធិបតី ក៏បានពិភាក្សាទៅលើកិច្ចការនៃការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក៏ដូចជាការបន្តធ្វើសមាហរណកម្មក្នុងតំបន់ និងសកល។
ជាក់ស្តែង នៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាបន្ថែមទៅលើការពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងទីម័រឡេស្តេ លើវិស័យសក្ដានុពលមួយចំនួន ដូចជា៖ វិស័យទេសចរណ៍កសិកម្ម និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនជាដើម ៕