អាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
ភ្នំពេញ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣នេះ ដើម្បីអនុវត្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស បានប្រាប់ឱ្យដឹងថា៖នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ លោកបានដឹកនាំកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ចុះប្រតិបត្តិការបង្រ្កាបករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០២នាក់ ព្រមទាំងចាប់យកសម្ភារៈវត្ថុតាងមួយចំនួន នៅចំណុចមុខវត្តសុភមង្គល ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ជនសង្ស័យឃាត់ខ្លួនទី១-ឈ្មោះ ស៊ន សការៈ ហៅកា ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ (ប្រើប្រាស់)។ ២-ឈ្មោះ ស៊ីម វុត្ថា ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ផាស់អាប់ បច្ចុប្បន្នរស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ជួញដូរ និងប្រើប្រាស់)។
លោកប្រធានមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើសបានបញ្ជាក់ថា៖ចំពោះវត្ថុតាងចាប់បានរួមមាន៖ -គ្រឿងញៀនប្រភេទម្ស៉ៅក្រាម ពណ៌សថ្លា (ICE) ចំនួន ០៣កូនថង់កិប ទម្ងន់ ៣,១៧ក្រាម
-គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង (WY) ចំនួន ០៣គ្រាប់ ទម្ងន់ ០,៥៣ក្រាម
-ម៉ូតូ ចំនួន ០១គ្រឿង,-ទូរស័ព្ទ ចំនួន ០៣គ្រឿង
-នាឡិកាដៃលោហធាតុពណ៌លឿង ចំនួន ០១គ្រឿង រួមនឹងវត្ថុតាងមួយចំនួនទៀត។
លោកបន្តថា មុនឈានដល់ការបង្ក្រាប កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានល្បាតការពារសន្តិសុខនៅក្នុងភូមិសាស្រ្តក្រុង បានឃើញឈ្មោះ ស៊ន សការៈ គួរឱ្យសង្ស័យ កម្លាំងក៏បានឃាត់សួរនាំ ព្រមទាំងធ្វើការឆែកឆេរលើខ្លួនប្រាណ ឃើញមានគ្រឿងញៀន ពេលនោះកម្លាំងធ្វើការឃាត់ខ្លួនភ្លាមៗយកមកសួនាំ នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង។ បន្ទាប់ពីសួរនាំ និងដោយមានការសហការពីជនសង្ស័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានសុំកិច្ចសហការជាមួយកងរាជអាវុធហត្ថខេត្ត បើកប្រតិបត្តិការរហូតឈានដល់ខ្លួនជនសង្ស័យឈ្មោះ ស៊ីម វុត្ថា (ជួញដូរ និងប្រើប្រាស់)នាំមកកាន់មូលដ្ឋានអាវុធហត្ថក្រុងសិរីសោភ័ណ ដើម្បីសួរនាំ និងចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា៖ក្រោយឃាត់ខ្លួន និងសួរចម្លើយ ជនសង្ស័យឈ្មោះ ស៊ីម វុត្ថា បានសារភាពថា រូបខ្លួនពិតជាបានទិញគ្រឿងញៀនទុកលក់ផង និងប្រើប្រាស់ផង ពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព និងវត្ថុតាងជាក់ស្តែង ជនសង្ស័យត្រូវទាំង២ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថក្រុង បញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្ត។ ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ៕