តើអ្នកដឹងទេផ្លាកសញ្ញាទាំង២នេះ មានន័យយ៉ាងដូចម្តេច?
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញ ផ្លាកសញ្ញាទាំង២នេះ មានន័យថា ផ្លាកសញ្ញាលេខ 1៖ ផ្លាកសញ្ញាផ្លូវកោងទៅស្តាំ សញ្ញានេះប្រើសម្រាប់ឱ្យអ្នកបើកបរប្រុងប្រយ័ត្នមានផ្លូវកោងទៅស្តាំនៅខាងមុខ និងផ្លាកសញ្ញាលេខ 2៖ ផ្លាកសញ្ញាមានផ្លូវបំបែកកែងទៅខាងឆ្វេង សញ្ញានេះប្រើសម្រាប់ឱ្យអ្នកបើកបរប្រុងប្រយ័ត្នខាងមុខមានផ្លូវបំបែកកែងទៅខាងឆ្វេង។
សម្គាល់៖ ផ្លាកសញ្ញាដែលនៅខាងលើ មានន័យថាធ្វើដំណើរទៅដល់ទីតាំងនោះមុន។
ក្រសួងសូមស្នើសុំការសហការពីបងប្អូនប្រជាពលរដ្ឋ ក្នុងការរាយការណ៍តាមរយៈកម្មវិធីថែទាំផ្លូវ ( ROAD CARE Mobile App) ករណីឃើញមានគំនូសសញ្ញាចរាចរណ៍រលុប បង្គោលសញ្ញា ឬផ្លាកសញ្ញាមានការបាក់បែក ដើម្បីអាចឱ្យមន្រ្តីជំនាញ ឬមន្ត្រីពាក់ព័ន្ធធ្វើការត្រួតពិនិត្យ និងចាត់វិធានការទាន់ពេលវេលា។
លើសពីនេះទៅទៀតក្រសួងក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក៏អាចចូលរួមសហការរាយការណ៍ពីផ្លូវដែលត្រូវជួសជុលថែទាំ និងសញ្ញាចរាចរណ៍បានផងដែរ សូមចូលរួមថែរក្សាផ្លូវថ្នល់របស់យើង ដើម្បីធ្វើដំណើរបានងាយស្រួល និងមានសុខសុវត្ថិភាព៕