ស្នងការខេត្តបន្ទាយមានជ័យ បើកប្រជុំផ្សព្វផ្សាយសេចក្តីណែនាំ របស់អគ្គស្នងការនគរបាលជាតិ ផែនការការពារសន្តិសុខក្នុងពិធីកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២០២២-២០២៣
បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីណែនាំ របស់អគ្គស្នងការនគរបាលជាតិលេខ០០៩. សណន និងផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងពិធីកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២០២២-២០២៣។
កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្នុងនោះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការរងផែនទាំង១៣ លោក នាយការិយាល័យជំនាញទាំង៣១ លោក វរសេនីយ៍ អធិការ នៃអធិការដ្ឋាននគរបាល ក្រុង-ស្រុក៩ លោក វរសេនីយ៍ មេបញ្ជាការការពារព្រំដែនគោកទាំង៤ ។
លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរះ ស្នងការរងផែនការងារសេនាធិការ បានឡើងអានផែនកាស្តីពីការរការពារបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ការពារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងផ្សព្វផ្សាយសេចក្តីណែនាំ របស់អគ្គស្នងការនគរបាលជាតិ លេខ ០០៩.សណន ស្តីពីការបង្កើត ប្រសិទ្ធភាពការងារលិខិតស្នាមរដ្ឋបាលនោះមក។
ថ្លែងនាឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់គោលការណ៍ និងជម្រុញដល់ថ្នាក់ដឹកនាំព្រមទាំងមន្ត្រីទាំងអស់៖
១-ត្រូវរៀបចំកសាងផែនការសកម្មភាព ផែនការយុទ្ធសាស្ត្រការងារប្រកបដោយប្រសិទ្ធិភាពតាមសេចក្តីណែនាំនេះ (កម្លាំងនគរបាលទាំងអស់ត្រូវពង្រឹងសមត្ថភាព ចំណេះ ជំនាញ វិជ្ជាជីវ: ច្បាប់ បច្ចេកទេស និងការប្រែប្រួលបច្ចេកវិទ្យា ដើរឱ្យទាន់យុទ្ធសាស្ត្របញ្ចកោនទាំង៥ ចំណុច កត្តាមនុស្ស ទឹក ភ្លើង ផ្លូវ បច្ចេកវិទ្យា របស់ប្រមុខរាជរដ្ឋាភិបាល ) ។
២-កម្លាំងទូទាំងខេត្ត និងបណ្តាអធិការក្រុងស្រុក ត្រូវត្រៀមកម្លាំង២៤ ម៉ោងលើ២៤ម៉ោងដើម្បីទ្រោលសភាពការ ក្នុងកិច្ចការពារ និងត្រូវយកចិត្តទុកដាក់ចំពោះបេសកកម្មរបស់ខ្លួន ដោយស្មារតីទទួលខុសត្រូវ និងធានាឲ្យបានទាំងស្រុង នូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយល្អជូនថ្នាក់ដឹកនាំ បណ្តាឥស្សរជនសំខាន់ៗ មន្ត្រីរាជការ និងប្រជាពលរដ្ឋ ដែលបានអញ្ជើញចូលរួមកម្មវិធីបុណ្យ នៅតាមមូលដ្ឋាន ទីរមនីយដ្ឋាន វត្តអារាមនានា និង ការប្រឡង ប្រកបដោយ បរិយាកាសសប្បាយ រីករាយ និងមានកោកក្តៅ ។
៣-ផ្សព្វផ្សាយសេចក្តីណែនាំ របស់អគ្គស្នងការនគរបាលជាតិ លេខ០០៩.សណន ស្តីពីការបង្កើត ប្រសិទ្ធភាពការងារលិខិតស្នាមរដ្ឋបាល ជូនដល់ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលទៅតាមឋានុក្រមឱ្យបានត្រឹមត្រូវសម្រាប់អនុវត្ត ការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។
៤-បញ្ជាក់តួនាទីភារកិច្ច របស់ស្នងការនគរបាលខេត្ត អធិការនគរបាលក្រុង/ស្រុកទាំង៩ មេបញ្ជាការ ការពារព្រំដែនគោកទាំង៤ ទៅតាមឋានុក្រម ។
៥- កងកម្លាំងទាំងអស់ត្រូវឈរលើគោលការណ៍គោរពច្បាប់ គោរពបទបញ្ជា គោរពវិន័យ តួនាទី ភារកិច្ចរបស់ខ្លួន ពេលបំពេញការងារ ត្រូវស្លៀកពាក់ឯកសណ្ឋានឲ្យបានត្រឹមត្រូវ ត្រូវមានសម្តីទន់ភ្លន់ ក្រមសីលធម៌និងវិជ្ជាជីវៈ ។
៦-ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុង ជាថ្លុងមួយដើម្បីសម្រេច លើកិច្ចការងារផ្សេងៗរបស់ថ្នាក់ដឹកនាំដាក់ជូន៕