រដ្ឋមន្រ្ដីអភិវឌ្ឍន៍ជនបទ ប្រាប់ដល់ថ្នាក់ដឹកនាំចាប់ពីប្រធាននាយកដ្ឋានឡើងទៅ ត្រូវគោរពបទបញ្ជាផ្ទៃក្នុងរបស់ក្រសួង
ភ្នំពេញ៖ នារសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែ ដែលមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ និងប្រធាននាយកដ្ឋាន នៃក្រសួងអភិវឌ្ឍន៍ជនបទ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ បានធ្វើរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការប្រព្រឹត្តទៅរបស់ក្រសួងក្នុងខែកញ្ញា និងទិសដៅការងារបន្តក្នុងខែតុលា ឆ្នាំ២០២៣។
ក្រោយពីបានស្តាប់របាយការណ៍លម្អិតរបស់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការរួចមក ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់រូប និងផ្តល់អនុសាសន៍បន្ថែមជូនអង្គប្រជុំដូចខាងក្រោម៖
ដើម្បីសម្រេចឲ្យបាននូវយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ត្រូវខិតខំធ្វើយ៉ាងណាសម្រេចឲ្យបាននូវយុទ្ធសាស្រ្ដអាទិភាពទាំងបួនរបស់ក្រសួង សំដៅធ្វើយ៉ាងណាឲ្យជនបទមានភាពស៊ីវីល័យ និងកាត់បន្ថយភាពក្រីក្រដើម្បីកម្ពុជាអាចសម្រេចបានចក្ខុវិស័យជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅក្នុងឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។
បន្ថែមពីនេះទៀត ឯកឧត្តមរដ្ឋមន្រ្ដី បានសង្កត់ធ្ងន់សូមឲ្យថ្នាក់ដឹកនាំដែលចាប់ពីប្រធាននាយកដ្ឋានឡើងទៅ ត្រូវគោរពបទបញ្ជាផ្ទៃក្នុងរបស់ក្រសួង រៀបចំរបៀបរបបប្រជុំផ្ទៃក្នុង ប្រចាំខែឲ្យបានទៀងទាត់។ ជាមួយគ្នានោះដែរ ឯកឧត្តមបានគូសបញ្ជាក់ថា៖ ថ្នាក់ដឹកនាំក្រសួងត្រូវរៀបចំប្រជុំបូកសរុបការងារប្រចាំខែរបស់ខ្លួនគឺរៀងរាល់ដើមសប្តាហ៍ទី៤ នៃខែនីមួយៗ។
ជាងនេះទៅទៀត ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឲ្យគ្រប់នាយកដ្ឋានទាំងអស់ ត្រូវពង្រឹងការងារក្នុងអង្គភាពរបស់ខ្លួន រៀបចំបញ្ជីឯកសាររបស់ខ្លួនឲ្យបានត្រឹមត្រូវ និងដាក់ជូនថ្នាក់ដឹកនាំពិនិត្យតាមឋានានុក្រម៕