អាជ្ញាធរខេត្តកំពង់ស្ពឺ ដាក់បម្រាមថ្មីមិនឱ្យក្មេងមានអាយុក្រោម១៨ឆ្នាំ ចូលសម្រាកក្នុងផ្ទះសំណាក់ បន្ទប់ជួលនោះឡើយ
ភ្នំពេញ៖ ដើម្បីរក្សាសុវត្ថិភាពរបៀបរៀបរយ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ឱ្យល្អប្រសើរ និងបង្ការទប់ស្កាត់រាល់សកម្មភាពប្រព្រឹត្តបទល្មើសផ្សេងៗក្នុងសង្គម ដែលបង្កឡើងដោយក្រុមក្មេងទំនើង រដ្ឋបាលខេត្តកំពង់ស្ពឺ បានដាក់បម្រាមថ្មីមិនឱ្យក្មេងមានអាយុក្រោម១៨ឆ្នាំ ចូលសម្រាកក្នុងផ្ទះសំណាក់ បន្ទប់ជួលនោះឡើយ លើកលែងតែមានបងប្អូន ឬក្រុមគ្រួសារចូលសម្រាកជាមួយ។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ដែលចុះហត្ថលេខាដោយ ឯកឧត្តម វី សំណាង ជាអភិបាលខេត្ត បានឱ្យដឹងនាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះថា គ្រប់ម្ចាស់សណ្ឋាគារផ្ទះសំណាក់ ផ្ទះជួលទាំងអស់ ទូទាំងខេត្តមិនត្រូវអនុញ្ញាតឱ្យអតិថិជនមានអាយុក្រោម១៨ឆ្នាំ ចូលសម្រាកនោះឡើយ លើកលែងតែមានបងប្អូន ឬក្រុមគ្រួសារចូលស្នាក់នៅជាមួយ។ ម្ចាស់សណ្ឋាគារផ្ទះសំណាក់ ផ្ទះជួលទាំងអស់ មិនត្រូវផ្ដល់ជាជម្រក ឬឱកាសឱ្យជនល្មើសធ្វើអាជីវកម្មផ្លូវភេទ ជួញដូរលើស្ត្រី និងកុមារ ឬការលបលួចជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀនជាដាច់ខាត ក្នុងករណីប្រទះឃើញមានជនសង្ស័យត្រូវរាយការណ៍ជាបន្ទាន់ជូនអាជ្ញាធរមានសមត្ថកិច្ច។
ឯកឧត្តម វី សំណាង អភិបាលខេត្តកំពង់ស្ពឺ
បន្ថែមលើនេះ អាជ្ញាធរបានសង្កត់ធ្ងន់ថា ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល ឬទីតាំងអាជីវកម្ម និងមិនអាជីវកម្មទាំងអស់ត្រូវរាយការណ៍ អំពីវត្តមានជនបរទេសដែលចូលមកស្នាក់នៅក្នុងទីតាំងរបស់ខ្លួន ទៅក្នុងប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេស ក្នុងព្រះរាជាណាចក្រកម្ពុជា ហៅកាត់ថាប្រព័ន្ធ FPCS (Foreigner Presence in Cambodia System)។ ក្នុងករណីម្ចាស់ទីតាំងមិនរាយការណ៍ ពេលមន្ត្រីជំនាញចុះត្រួតពិនិត្យឃើញនឹងធ្វើការផាកពិន័យយ៉ាងម៉ឺងម៉ាត់បំផុត តាមខ្លឹមសារប្រកាសអន្តរក្រសួង ស្តីពីការពិន័យអន្តរការណ៍ជាប្រាក់ចំពោះបុគ្គលប្រព្រឹត្តល្មើសច្បាប់ស្តីពីអន្តោប្រវេសន្ត ព្រមទាំងអនុវត្តន៍វិធានការច្បាប់ផ្សេងៗទៀត។
ទន្ទឹមនឹងនោះ អាជ្ញាធរក៏តម្រូវឱ្យគ្រប់ម្ចាស់ទីតាំងត្រូវសុំថត អត្តសញ្ញាណបណ្ណ លិខិតឆ្លងដែន ឬឯកសារពាក់ព័ន្ធមួយចំនួនទៀត ពីភ្ញៀវទាំងអស់ដែលចូលមកសំរាក ឬស្នាក់នៅ ដើម្បីរក្សាទុកពេលមានបញ្ហាណាមួយ កើតឡើងជាយថាហេតុ។ ជាមួយគ្នានេះ អាជ្ញាធរមានសមត្ថកិច្ចនឹងចុះធ្វើរដ្ឋបាលចំហ គ្រប់ទីតាំងក្នុងករណីមានការសង្ស័យ៕