រដ្ឋមន្ត្រីការងារ ស្វាគមន៍ការវិនិយោគរបស់ក្រុមហ៊ុន Food Panda និងជំរុញឱ្យគិតគូរបបសន្តិសុខសង្គម ជូនបុគ្គលិក
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ បានជួបពិភាក្សាការងារជាមួយលោក Zeyar Mynn នាយកប្រតិបត្តិនៃក្រុមហ៊ុនDelivery Hero ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុនហ្វូតផេនដា(Food Panda) នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ក្នុងនោះ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ចំពោះការវិនិយោគរបស់ក្រុមហ៊ុនDelivery Hero ជាក្រុមហ៊ុនដឹកជញ្ជូនដែលប្រើប្រាស់ដោយបច្ចេកវិទ្យាដ៏ធំមកពីប្រទេសអាល្លឺម៉ង់ ដែលបានបោះទុនវិនិយោគចូលមកប្រទេសកម្ពុជា ហើយបាននិងកំពុងបង្កើតការងាររាប់ពាន់កន្លែងជូនពលរដ្ឋកម្ពុជា។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជំរុញឱ្យក្រុមហ៊ុនសិក្សាជាមួយនឹងបេឡាជាតិរបបសន្តិសុខសង្គមនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពិនិត្យមើលលើការគិតគូរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពជូនដល់បុគ្គលិកក្រុមហ៊ុន ដើម្បីទទួលបានកិច្ចគាំពារសង្គមពីរាជរដ្ឋាភិបាលដែលជាគោលនយោបាយជាតិដ៏សំខាន់មួយក្នុងអាណត្តិទី៧នេះ។
មួយវិញទៀត ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យក្រុមហ៊ុនជំរុញឱ្យបុគ្គលិកបម្រើសេវាដឹកជញ្ជូនយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀតលើសុវត្ថិភាពការងារពេលបើកបរ និងការគោរពឱ្យខ្ជាប់ខ្ជួននូវសណ្តាប់ធ្នាប់សង្គម និងការគោរពច្បាប់ចរាចរណ៍នៃព្រះរាជាណាចក្រកម្ពុជា។ សម្រាប់ឯកឧត្តមរដ្ឋមន្ត្រី សំណើនេះ មិនមែនជាសំណើដាច់ដោយឡែកសម្រាប់ក្រុមហ៊ុនហ្វូតផេនដា(foodpanda)នោះទេ ប៉ុន្តែសម្រាប់ក្រុមហ៊ុនដែលកំពុងបម្រើសេវាដឹកជញ្ជូនទាំងអស់ក្នុងប្រទេសដែលត្រូវគិតគូខ្ពស់បន្ថែមទៀតលើសុវត្ថិភាពការងារ និងសណ្តាប់ធ្នាប់សង្គមដែលគ្រប់ភាគីត្រូវចូលរួម។
ជាការឆ្លើយតប ក្រុមហ៊ុន នឹងបន្តធ្វើការជាមួយនឹងបេឡារបបសន្តិសុខសង្គមក្នុងការពិនិត្យលើរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពដើម្បីផ្តល់អត្ថប្រយោជន៍ជូនបុគ្គលិកក្រុមហ៊ុនទាំងអស់។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន ក៏បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តបន្ថែមចំពោះសំណើសុវត្ថិភាពការងារ និងក្រមសីលធម៌។ សម្រាប់ក្រុមហ៊ុន ការបណ្តុះបណ្តាលស្តីពីច្បាប់ចរាចរណ៍ និងសណ្តាប់ធ្នាប់សង្គម គឺត្រូវបានធ្វើឡើងជាប្រចាំទាំងក្នុងថ្នាក់ផ្ទាល់ និងតាមប្រព័ន្ធអនឡាញជូនដល់បុគ្គលិក ជាពិសេសអ្នកបម្រើសេវាដឹកជញ្ជូនដើម្បីសុវត្ថិភាពការងារ៕