រដ្ឋមន្ត្រីអប់រំ៖ ការអប់រំឌីជីថល ជាយុទ្ធសាស្រ្តគន្លឹះមួយ ក្នុងចំណោមយុទ្ធសាស្រ្តផ្សេងៗទៀត ដើម្បីជម្រុញការធ្វើបរិវត្តកម្មនៃប្រព័ន្ធអប់រំ
ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ថ្លែងថា ការអប់រំឌីជីថលគឺជាយុទ្ធសាស្រ្តគន្លឹះមួយក្នុងចំណោមយុទ្ធសាស្រ្តផ្សេងៗទៀត ដើម្បីជម្រុញការធ្វើបរិវត្តកម្ម នៃប្រព័ន្ធអប់រំ ដោយសារការអប់រំឌីជីថល បានផ្លាស់ប្តូររបៀបរៀនរបស់សិស្ស និងរបៀបបង្រៀនរបស់គ្រូ ព្រមទាំងរបៀបគ្រប់គ្រងរបស់នាយកសាលា ដើម្បីធានានិរន្តភាពនៃការសិក្សារបស់សិស្ស និងធានាសុវត្ថិភាពសុខភាពសម្រាប់សិស្សានុសិស្ស និងបុគ្គលិកអប់រំ។
ឯកឧត្ដម ហង់ជួន ណារ៉ុន បានលើកឡើហយ៉ាងដូចនេះនៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្នុងសិក្ខាសាលាស្ដីអំពីប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងសាលារៀន SIS ធ្វើឡើងនៅសាលសន្និសីទសាលាខេត្តកំពង់ចាម និងដោយមានការចូលរួមពី លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមទាំងមានលោកគ្រូ អ្នកគ្រូ និស្សានុសិស្សជាច្រើនផងដែរ។
ឯកឧត្ដមបណ្ឌិតសភាចារ្យ បន្ថែមថា ក្រសួងអប់រំ យុវជន និងកីឡា បានបង្កើតប្រព័ន្ធព័ត៌មានឌីជីថលដូចជា ប្រព័ន្ធគ្រប់គ្រងព័ត៌មានអប់រំ កម្មវិធីគ្រប់គ្រងបុគ្គលិក ប្រព័ន្ធចែកចាយសៀវភៅសិក្សាសាលារៀន ប្រព័ន្ធគ្រប់គ្រងអាហារូបករណ៍ ប្រព័ន្ធតាមដានព័ត៌មាននិស្សិត ប្រព័ន្ធតាមដានសាលា ប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលារៀន SIS ប្រព័ន្ធគ្រប់គ្រងបណ្ណាល័យជាដើម ។
ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានអះអាងដែរថា ការអប់រំឌីជីថល ក៏បានរួមចំណែកដល់ការកាត់បន្ថយវិសមភាព ក្នុងការទទួលបានការអប់រំមានគុណភាព ប្រកបដោយសមធម៌ និងបរិយាបន្ន ព្រមទាំងធានាឱកាសសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នាផងដែរ។
ឯកឧត្ដមបន្តទៀតថា ក្រសួងបានសហការជាមួយក្រុមហ៊ុនមិត្តហ្វូន ដាក់ឱ្យប្រើប្រាស់សាកល្បងប្រព័ន្ធព័ត៌មានគ្រប់គ្រងសាលារៀន (SIS) នៅកម្រិតវិទ្យាល័យ ចាប់ពីឆ្នាំ២០២០ និងមកដល់ពេលនេះ មានសាលារៀនចំនួន ២៦៦ សាលា នៅទូទាំងប្រទេសបាននិងកំពុងប្រើប្រាស់ប្រព័ន្ធ SIS នេះ។ ប្រព័ន្ធនេះបានផ្ដល់នៅអត្ថប្រយោជន៍ជាច្រើន ដូចជាមុខងារការគ្រប់គ្រងព័ត៌មានសាលារៀន ការសិក្សាតាមអេឡេចត្រូនិច ការទំនាក់ទំនង និងព័ត៌មាននានាសម្រាប់ធ្វើសេចក្ដីសម្រេចចិត្ត។
ជាមួយគ្នានោះដែរឯកឧត្ដម អ៊ុន ចាន់ដា និងមន្ត្រីនៃមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានរួមគ្នាសម្រេចចិត្តចូលរួមគាំទ្រក្នុងការពង្រីកការអនុវត្តប្រព័ន្ធព័ត៌មានសាលារៀន SIS នេះ ឱ្យបានដល់សាលារៀនគ្រប់កម្រិត នៅក្នុងខេត្តកំពង់ចាម ដើម្បីប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលារៀននេះ ជាអត្ថប្រយោជន៍លើការគ្រប់គ្រងសាលារៀន ការរៀន និងបង្រៀន និងទំនាក់ទំនងជាមួយមាតាបិតាសិស្ស ៕