រដ្ឋមន្រ្តីក្រសួងសាធារណការ អញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ បុគ្គលិកជាមន្រ្តីរាជការ និងមន្រ្ដីជាប់កិច្ចសន្យា នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
ភ្នំពេញ៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ បុគ្គលិកជាមន្រ្តីរាជការ និងបុគ្គលិកជាប់កិច្ចសន្យា នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួងទទួលបន្ទុកដែលពាក់ព័ន្ធ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងនូវការស្វាគមន៍ដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី បុគ្គលិកជាមន្រ្តីរាជការ និងបុគ្គលិកជាប់កិច្ចសន្យាទាំងអស់នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ដែលមានវត្តមាននៅក្នុងពិធីសំណេះសំណាលដ៏ប្រកបដោយអត្ថន័យនាឱកាសនេះ។
ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តមរដ្ឋមន្រ្តី និងជាប្រធានអង្គប្រជុំ ឯកឧត្តម កែន រដ្ឋា អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានរាយការណ៍អំពីការងារពាក់ព័ន្ធមួយចំនួន ក្នុងនោះ បានផ្តោតលើការគ្រប់គ្រងរចនាសម្ព័ន្ធរបស់អង្គភាពក្រោមឱវាទរបស់អគ្គនាយកដ្ឋាន ការគ្រប់គ្រងស្ថិតិបុគ្គលិកមន្រ្តីរាជការ លទ្ធផលនិងជោគជ័យនៃការអនុវត្តការងារកន្លងមក និងទិសដៅការងារសំខាន់ៗ ដែលអគ្គនាយកដ្ឋានបានដាក់ចេញអនុវត្ត ដើម្បីឆ្លើយតបទៅនឹងកម្មវិធីនយោបាយ និងកំណែទម្រង់របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នាអាណត្តិនេះ។
នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំ បុគ្គលិកជាមន្រ្តីរាជការ និងបុគ្គលិកជាប់កិច្ចសន្យាទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តបម្រើការងារនៅក្នុងវិស័យសាធារណការ និងដឹកជញ្ជូនឱ្យមានវឌ្ឍនភាព និងរីកចម្រើន។ បន្ថែមពីលើនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់បន្ថែមអំពីខ្លឹមសារនៃកម្មវិធីនយោបាយដែលពាក់ព័ន្ធនឹងវិស័យសាធារណការ និងដឹកជញ្ជូន និងបានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ បុគ្គលិកជាមន្រ្តីរាជការ និងបុគ្គលិកជាប់កិច្ចសន្យា សូមបន្តនូវកិច្ចខិតខំប្រឹងនេះបន្ថែមទៀត ដើម្បីសម្រេចបាននូវសមិទ្ធផលធំៗបន្ថែមទៀតជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា ៕