រាជរដ្ឋាភិបាលកម្ពុជា បានជួយពលរដ្ឋក្រីក្រជាង ៣ឆ្នាំហើយ ចំណាយអស់ជាង ១ពាន់លានដុល្លារ
ភ្នំពេញ៖ មួយរយៈពេលចុងក្រោយនេះ ប្រជាពលរដ្ឋនៅខ្មែរបាននាំគ្នាកោតសរសើររាជរដ្ឋាភិបាលថ្មីរបស់ថៃ ដែលបញ្ចេញកញ្ចប់ថវិកាជួយដល់កសិករ និងពលរដ្ឋខ្វះខាត ហើយក៏បែរមកបង្អាប់រាជរដ្ឋាភិបាលខ្មែរ។
ការលើកឡើងនេះ ប្រហែលជាពួកគាត់ភ្លេចថា រាជរដ្ឋាភិបាលខ្មែរបានអនុវត្តន៍កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាពលរដ្ឋក្រីក្ររងផលប៉ះពាល់ ដោយសារឥទ្ធិពលជំងឺកូវីដ១៩ និងវិបត្តិសេដ្ឋកិច្ចសកលតាំងពីឆ្នាំ២០២០មកម្ល៉េះ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឱ្យដឹងថា ចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលចំណាយជាង១ពាន់លានដុល្លារហើយសម្រាប់កម្មវិធីជួយចិញ្ចឹមប្រជាពលរដ្ឋនេះ ហើយក៏កំពុងបន្តជួយឧបត្ថម្ភសាច់ប្រាក់រហូតមកដល់ពេលបច្ចុប្បន្ននេះផងដែរ។
ចំនួនពលរដ្ឋកំពុងទទួលបានការជួយចិញ្ចឹមពីរាជរដ្ឋាភិបាលនេះ មានក្បែរ ៧០ម៉ឺនគ្រួសារ ស្មើនឹងជិត ៣លាននាក់ គិតជាទឹកប្រាក់ជាង ១២៥ពាន់លានរៀលក្នុងមួយខែ។
ក្រៅពីជួយឧបត្ថម្ភសាច់ប្រាក់ដែលពលរដ្ឋក្រីក្រទូទៅហើយនោះ រាជរដ្ឋាភិបាលក៏ជួយឧបត្ថម្ភសាច់ប្រាក់ជូនកម្មករ និយោជិត ដែលបាត់បង់ការងារផងដែរ។ បន្ថែមពីលើនេះ រាជរដ្ឋាភិបាល ក៏មានកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីក្រីក្រចាប់ពីពេលសម្រាល រហូតដល់កូនអាយុក្រោមពីរឆ្នាំ និងជួយឧបត្ថម្ភដល់កម្មការិនីពីកំលុងពេលមានផ្ទៃពោះ រហូតដល់កូនអាយុក្រោមពីរឆ្នាំ និងពេលសម្រាលផងដែរ ៕