ក្រសួងមហាផ្ទៃ រៀបចំកិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាង MOU រវាង ក្រសួងយុត្តិធម៌រុស្ស៊ី ជាមួយក្រសួងមហាផ្ទៃកម្ពុជា
ភ្នំពេញ៖ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាង អនុស្សរណៈ នៃការយោគយល់គ្នា (MOU) រវាង ក្រសួងយុត្តិធម៌ នៃសហព័ន្ធរុស្ស៊ី ជាមួយ ក្រសួងមហាផ្ទៃកម្ពុជា ស្ដីពីសហប្រតិបត្តិការក្នុងវិស័យបទបញ្ញត្តិច្បាប់ នៃសកម្មភាព របស់អង្គការមិនស្វែងរកប្រាក់ចំណេញ ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ-ឯកឧត្តម ប្រធានក្រុមប្រឹក្សានីតិកម្ម ក្រសួងមហាផ្ទៃ ព្រមទាំងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀត។
នាឱកាសនោះ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានលើកឡើងថា តាមសំណើរបស់ភាគីរុស្ស៊ី បានស្នើសុំភាគីកម្ពុជា ឱ្យមានការចុះអនុស្សរណៈ នៃការយោគយល់គ្នា ស្ដីពីសហប្រតិបត្តិការក្នុងវិស័យបទបញ្ញត្តិច្បាប់ នៃសកម្មភាព របស់អង្គការមិនស្វែងរកប្រាក់ចំណេញ។
ឯកឧត្តម រដ្ឋលេខាធិការ បានបន្ថែមថា ទោះបីណាក៏ដោយ សេចក្ដីព្រាងអនុស្សរណៈនេះ ត្រូវមានការប្រជុំ និងពិនិត្យ ជាច្រើនលើក និងជាច្រើនសារទៀត ដើម្បីឱ្យសេចក្ដីព្រាងនេះ មានលក្ខណៈគ្រប់ជ្រុងជ្រោយ មុនចុះអនុស្សរណៈ នៃការយោគយោលគ្នារវាង ក្រសួងមហាផ្ទៃសហព័ន្ធរុស្ស៊ី ជាមួយ ក្រសួងមហាផ្ទៃកម្ពុជា៕