ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងបង្កើតរោងចក្រ ២ទៀត មានទុនវិនិយោគជាង ១០លានដុល្លារ
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័តគម្រោងបង្កើតរោងចក្រចំនួន ២បន្ថែមទៀត មានទុនវិនិយោគជាង ១០លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រផលិតដើមគ្រីស្មាស់ សម្ភារៈលម្អដើមគ្រីស្មាស់ និងអំពូលភ្លើងលម្អគ្រប់ប្រភេទ ព្រមទាំងផ្ដល់ឱកាសការងារជាង ១ពាន់កន្លែង ។
យោងតាមហ្វេសប៊ុក ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឲ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១-“TW LIGHTS CO., LTD” គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូរតាពូង ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧៤០កន្លែង។
២-“G.U INDUSTRIAL CO., LTD.” គម្រោងបង្កើតរោងចក្រផលិតដើមគ្រីស្មាស់ សម្ភារៈលំអដើមគ្រីស្មាស់ និងអំពូលភ្លើងលំអគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ស្វាយរៀង ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៥,៥ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៥៤៩កន្លែង ៕