នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារ និងផែនការយុទ្ធសាស្ត្ររបស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារ និងផែនការយុទ្ធសាស្ត្ររបស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ បានមានប្រសាសន៍ថា ក្នុងបរិបទថ្មីដែលអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ដែលទើបតែត្រូវបានបង្កើតថ្មីនេះ ទាមទារឲ្យមានការរួបរួមគ្នាគ្រប់កម្រិតក្នុងការអនុវត្តការងារ តួនាទី ភារកិច្ចឲ្យទទួលបានជោគជ័យតាមការគ្រោងទុក ហើយការរៀបចំរចនាសម្ព័ន្ធឲ្យបានត្រឹមត្រូវក៏មានភាពចាំបាច់ក្នុងការជំរុញប្រសិទ្ធភាព និងប្រសិទ្ធផលការងារផងដែរ។
នាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត បានធ្វើសេចក្ដីរាយការណ៍ជូនអង្គប្រជុំពាក់ព័ន្ធនឹងវឌ្ឍនភាពការងាររបស់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ និងការងារពាក់ព័ន្ធផ្សេងទៀត ដើម្បីដាក់ចេញនូវផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពលម្អិតរបស់អគ្គនាយកដ្ឋាន ដោយឯកឧត្តមបានបញ្ជាក់ថា ផែនការយុទ្ធសាស្ត្រដែលបានរៀបចំឡើងគឺផ្អែកទៅលើគោលដៅជាអាទិភាពលើវិស័យបច្ចេកវិទ្យា យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្របខណ្ឌគោលនយោបាយ និងផែនទីបង្ហាញផ្លូវវិស័យបច្ចេកវិទ្យាឌីជីថលដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ។
ដើម្បីអនុវត្តផែនការយុទ្ធសាស្ត្រដែលបានដាក់ចេញ ឯកឧត្តម អគ្គនាយក បានសង្កត់ធ្ងន់ថា ការប្ដេជ្ញាចិត្ត មានឆន្ទៈរួមគឺជារឿងសំខាន់សម្រាប់មន្ត្រីទាំងអស់ក្នុងការអនុវត្តការងារប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ដើម្បីសម្រេចការងារ តួនាទី ភារកិច្ចបានជោគជ័យជាផ្លែផ្កាជូនក្រសួងមហាផ្ទៃស្របតាមកំណែទម្រង់ ដែលក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាលបានដាក់ចេញ។
ព្រមជាមួយនេះ ឯកឧត្តម រដ្ឋលេខាធិការ បានបន្ថែមថា ស្មារតីសាមគ្គីភាពគឺសំខាន់ក្នុងការបំពេញឲ្យបាននូវតួនាទី ភារកិច្ចដែលបានរំពឹងទុក ដោយប្រើប្រាស់គ្រប់មធ្យោបាយ អង្គភាព ធនធាន ដើម្បីសម្រេចគោលដៅរួមក្នុងការគាំទ្រ និងអនវុត្តការងារជូនក្រសួងមហាផ្ទៃឲ្យមានប្រសិទ្ធភាពខ្ពស់។
លើសពីនេះ ឯកឧត្តម នាយឧត្តមសេនីយ៍បានណែនាំថា ដើម្បីធានាដល់ការងារផ្សព្វផ្សាយអប់រំក្នុងការបញ្ជ្រាបនូវចំណេះដឹងដល់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងសមត្ថកិច្ចក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានត្រូវប្រើប្រាសជំនាញធនធាន ជំនាញដែលមានស្រាប់បូកនឹងការត្រៀមលក្ខណៈសម្រាប់បំពេញបន្ថែម ទាំងឧបករណ៍ និងធនធានមនុស្ស សំដៅអនុវត្តការងារផ្សព្វផ្សាយអប់រំនេះឲ្យបានទូលំទូលាយប្រកបដោយប្រសិទ្ធភាព៕