សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងលោកជំទាវ ពេជ្រ ច័ន្ទមុនី អញ្ជើញជាអធិបតីភាពក្នុងពិធីបួងសួងរំលឹកគុណបុព្វបុរសខ្មែរ និងអបអរសាទររមណីយដ្ឋានប្រាសាទកោះកេរ ដែលចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលោកជំទាវ ពេជ្រ ច័ន្ទមុនី បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបួងសួងរំលឹកគុណបុព្វបុរសខ្មែរ និងអបអរសាទររមណីយដ្ឋាន ប្រាសាទកោះកេរ ដែលបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក។
សូមរំលឹកថា រមណីយដ្ឋានប្រាសាទកោះកេរ ស្ថិតក្នុងភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។
គួរបញ្ជាក់ថា «រមណីយដ្ឋានប្រាសាទកោះកេរ» ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ សម្រេចជាឯកច្ឆ័ន្ទដាក់បញ្ចូល ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកជាផ្លូវការ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ដែលនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ សម្រាប់ប្រទេសកម្ពុជា ទទួលបានកិត្តិនាមកាន់តែល្បីសុះសាយពេញពិភពលោក៕