ឧត្តមសេនីយឯក យឿង សុខុន និងឯកឧត្តម គួច ចំរើន អញ្ជើញបើកវគ្គហ្វឹកហ្វឺន បំប៉នពង្រឹង សមត្ថភាពយោធាប្រចាំឆ្នាំ២០២៣ដល់នាយទាហាន និងពលទាហាន របស់តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៣ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គហ្វឹកហ្វឺន បំប៉នពង្រឹង សមត្ថភាពយោធាប្រចាំឆ្នាំ២០២៣ដល់នាយទាហាន នាយទាហានរង និងពលទាហាន របស់តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ពិធីនេះប្រារព្វធ្វើឡើងនៅតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ដោយមានសិក្ខាកាមចូលរួមចំនួន១០០នាក់។
វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណង ហ្វឹកហ្វឺនពង្រឹងដល់នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ដើម្បីឱ្យមានសមត្ថភាពគ្រប់គ្រាន់ មានកំរិតយល់ដឹងខ្ពស់ធានាដល់ការដឹកនាំបញ្ហា គ្រប់គ្រងកងឯកភាពបានរឹងមាំលើគ្រប់វិស័យឈានទៅបំពេញភារកិច្ចការពារជាតិមាតុភូមិបានល្អប្រសើរ។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បានពាំនាំនូវការសួរសុខទុក្ខ ដល់នាយទាហាន នាយទាហានរង និងពលទាហាន ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងថ្លែងអំណរគុណ ចំពោះបងប្អូនយុទ្ធជនដែលបានខិតខំបំពេញបេសកកម្មបម្រើជាតិមាតុភូមិ ប្រកបដោយជោគជ័យត្រចះត្រចង់ ចូលរួមដឹកនាំមាតុភូមិកម្ពុជាឆ្ពោះទៅកាន់ការអភិវឌ្ឍ និងសុខសន្តិភាពរយៈពេលកន្លងមក ហើយបានចូលរួមថែរក្សាការពារ សន្តិសុខសង្គម ការពារជាតិ សាសនាព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាល ការពាររដ្ឋធម្មនុញ្ញស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត ហើយប្រឆាំងដាច់ខាតចំពោះក្រុម ដែលចេតនាប្រឆាំងមកលើរាជរដ្ឋាភិបាល។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកថវិការបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សិក្ខាកាមចំនួន ១០០នាក់ក្នុងម្នាក់ ១០ម៉ឺនរៀល និងគ្រូបង្គោលចំនួន ១០នាក់ ក្នុងម្នាក់ ២០ម៉ឺនរៀលផងដែរ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៣ បានផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការរៀនសូត្រតាមក្បួនយុទ្ធសាស្ត្រ ត្រូវស្មោះត្រង់ចំពោះជាតិ មាតុភូមិ មានមនសិការស្នេហាជាតិការពារ ឱ្យបាននូវរដ្ឋធម្មនុញ្ញព្រះមហាក្សត្រ ពីការបោះឆ្នោត ត្រូវគោរពវិន័យ មានភក្តីភាព អាកប្បកិរិយាថ្លៃថ្នូរ សកម្មក្នុងការងារ មានចិត្តក្លាហាន មោះមុតមានការទទួលខុសត្រូវ មានសាមគ្គីភាពល្អ និងស្មោះត្រង់ជានិច្ច ចំពោះថ្នាក់ដឹកនាំត្រូវបន្តខិតខំរៀនសូត្រពីគ្នាទៅវិញទៅមក។
ឯកឧត្តម ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៣ បានបញ្ជាក់ថា ដើម្បីក្លាយជាយោធិនមានសមត្ថភាពខ្ពស់ ត្រូវមានចំណេះដឹងគ្រប់មុខជំនាញ ដើម្បីយកទៅប្រើប្រាស់ឱ្យមានប្រសិទ្ធភាព តាមបទបញ្ជារបស់ថ្នាក់ដឹកនាំ និងត្រូវលើកកម្ពស់ស្មារតី គ្រប់គ្រងថែរក្សាសម្ភារៈបរិក្ខា សព្វាវុធ និងគ្រឿងបំពាក់ឱ្យបានល្អ ត្រូវចូលរួមសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចដែលមានការពាក់ព័ន្ធ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋដែលនៅជិតតំបន់ឈរជើងរបស់យើង ត្រូវចូលរួមចំណែកក្នុងការស្តារ និងអភិវឌ្ឍនៅមូលដ្ឋានជួយសង្គ្រោះប្រជាពលរដ្ឋ ពីគ្រោះមហន្តរាយនានា និងចូលរួមជួយប្រជាពលរដ្ឋក្នុងការបង្កបង្កើនផល ត្រូវចូលរួមក្នុងចលនាប្រឡងប្រណំាងរបស់អង្គភាព និងមួយផ្នែកទៀតរួមចំណែកក្នុងការងារបង្កបង្កើនផលជាលក្ខណៈគ្រួសារ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃឱ្យបានប្រសើរឡើង ៕