អភិបាលខេត្តកំពង់ស្ពឺ បញ្ជាឱ្យមន្ទីរទេសចរណ៍ខេត្ត ពិនិត្យតម្លៃលក់ដូរនៅតាមសហគមន៍ទេសចរណ៍នានា ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកកម្សាន្ដកាន់តែច្រើន
ភ្នំពេញ៖ ឯកឧត្ដម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាឱ្យមន្ទីរទេសចរណ៍ខេត្ត ពិនិត្យតម្លៃការលក់ដូរនៅតាមសហគមន៍ទេសចរណ៍នានា ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកកម្សាន្ដកាន់តែច្រើន។ នេះបើយោងតាមក្រសួងព័ត៌មាន។
ក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ក្រោមប្រធានបទ (ទេសចរណ៍និងការវិនិយោគបៃតង)នៅទីលានសួនច្បារសម្តេចសង្ឃរាជ ជួន ណាត នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្ដម វ៉ី សំណាង បាន ណែនាំដល់មន្ទីរទេសចរណ៍ខេត្តឱ្យយកចិត្តទុកដាក់និងពិនិត្យតំលៃនៃការលក់ដូររបស់បងប្អូនប្រជាសហគមន៍នៅតាមសហគមន៍ទេសចរណ៍នានា ដើម្បីជៀសវាងធ្វើឱ្យភ្ញៀវទេសចរណ៍អាក់អន់ស្រពន់ចិត្ត បោះបង់គំនិតលែងចង់មកលេងបន្តទៀត។ កន្លងមកនៅតាមរមណីយដ្ឋានមួយចំនួនតែងតែរងនូវការរិះគន់និងប្រតិកម្មខ្លាំងពីសំណាក់ភ្ញៀវទេសចរណ៍ គ្រាដែលត្រូវបានអ្នកលក់ដូរម្ហូបអាហារលក់កោរមិនដាក់ទឹក និងមានតម្លៃថ្លៃហួសហេតុ។
ឯកឧត្ដម វ៉ី សំណាង គូសបញ្ជាក់ថា ការពិនិត្យតម្លៃនៃការលក់ដូររបស់បងប្អូនប្រជាសហគមន៍នេះ ដើម្បីធ្វើឱ្យភ្ញៀវមិនអាចបំភ្លេច និងសរសើរពីសហគមន៍ទេសចរណ៍ សេវាកម្ម រួសរាយ និង ម្ហូបអាហារត្រូវមានគុណភាព អនាម័យ និងមានតម្លៃសមរម្យ។
សូមបញ្ជាក់ថា ខេត្តកំពង់ស្ពឺជាខេត្តមួយដែលមានរមណីយដ្ឋានសម្បូរបែប ដែលគិតមកដល់បច្ចុប្បន្នមានរហូតដល់ទៅ ២០កន្លែង ក្នុងនោះមានរមណីយដ្ឋានសហគមន៍ ៨កន្លែង រមណីយដ្ឋានកែច្នៃ ៨កន្លែង រមណីយដ្ឋានកសិទេសចរណ៍៣កន្លែង និងវាយកូនហ្គោល១កន្លែង៕