លោកជំទាវ ម៉ែន នារីសោភ័គ ជួបសវនាការ និងប្រគល់បណ្ណថ្លែងអំណរគុណជូននាយកប្រតិបត្តិក្រុមហ៊ុន ផាតមេហ្ស៊ីង អ៊ីន (PATHMAZING INC.)
ភ្នំពេញ៖ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ បានជួបសវនាការ និងប្រគល់បណ្ណថ្លែងអំណរគុណជូន លោក សៀន លីណាត នាយកប្រតិបត្តិក្រុមហ៊ុន ផាតមេហ្ស៊ីង អ៊ីន (PATHMAZING INC.) ដែលជំនួបនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន, លោកជំទាវ អគ្គលេខាធិការរងទី១ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន ផាតមេហ្ស៊ីង អ៊ីន (PATHMAZING INC.) ដែលបានជួយរចនា និងផលិតបណ្ណសម្គាល់ខ្លួន ជូនកាកបាទក្រហមកម្ពុជា សម្រាប់កិច្ចប្រជុំថ្នាក់ដឹកនាំលេីកទី២០ និងវេទិកាយុវជនលេីកទី២ នៃសមាគមជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី ១៧-២២ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ។
ជាកិច្ចឆ្លេីយតប លោក សៀន លីណាត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានអនុញ្ញាតដល់ក្រុមហ៊ុនបានចូលរួមចំណែកការងារជាមួយកាកបាទក្រហមកម្ពុជា ៕