ឯកឧត្តម អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការក្រសួងធនធានទឹក ចុះពិនិត្យស្ថានភាពទឹក និងប្រព័ន្ធធារាសាស្ត្រក្នុងខេត្តរតនគិរី
ភ្នំពេញ៖ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និង ឯកឧត្តម ខឹម សុធា ទីប្រឹក្សាក្រសួង ព្រមទាំងសហការីបានចុះពិនិត្យមើលស្ថានភាពទឹក និងការងារជួសជុលថែទាំប្រព័ន្ធធារាសាស្ត្រក្នុងខេត្តរតនគិរី។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការក៏បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តរតនគិរីផងដែរ។
ឯកឧត្តមរដ្ឋលេខាធិការ និងសហការី បានចុះពិនិត្យការងាររួមមាន៖
១-ការងារជួលជុល និងថែទាំប្រព័ន្ធធារាសាស្រ្តល្បាំង១ ស្ថិតក្នុងឃុំល្បាំង១ ស្រុកលំផាត់ ដែលមានលទ្ធភាព ស្រោចស្រពស្រូវរដូវវស្សាចំនួន ១៨៩ហិកតា។
២-ការងារជួសជុលថែទាំប្រព័ន្ធធារាសាស្ត្រល្បាំង២ ស្ថិតក្នុងឃុំល្បាំង២ ស្រុកលំផាត់ ដែលមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន ២៣៥ហិកតា។
បន្ទាប់ពីចុះពិនិត្យការងាររួច ឯកឧត្តមរដ្ឋលេខាធិការបានផ្តាំផ្ញើដល់ប្រធានមន្ទីរត្រូវគ្រប់គ្រង ថែទាំ និងលាបថ្នាំតាមទីតាំងសំណង់សិល្បការគ្រប់ប្រព័ន្ធធារាសាស្ត្រទាំងអស់ដោយយកចិត្តទុកដាក់ ជាពិសេស ស្នើឱ្យមន្ទីរយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើការចុះពិនិត្យអាងទឹកផ្សេងៗទៀតនៅក្នុងខេត្ត ដែលត្រូវត្រៀមរក្សាស្តុកទឹកទុកសម្រាប់ប្រើប្រាស់ និងបង្កបង្កើនផលដំណាំរួមផ្សំនៅរដូវប្រាំង នាពេលខាងមុខ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី៕