កងកម្លាំងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក ត្រៀមអន្តរាគមន៍ ជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់
ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ មួង វុទ្ធា នាយសេនាធិការរង នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញត្រួតពិនិត្យកម្លាំង ដើម្បីត្រៀមអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយធម្មជាតិផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ តាមបទបញ្ជារបស់មេបញ្ជាការកងទ័ពជើងគោក ។
ឧត្តមសេនីយ៍ទោ មួង វុទ្ធា បានបញ្ជាក់ថា រៀងរាល់ឆ្នាំព្រះរាជាណាចក្រកម្ពុជា តែងតែរងគ្រោះដោយទឹកជំនន់ និងគ្រិះមហន្តរាយផ្សេងៗ ចាំបាច់ត្រូវការកងកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋានក្នុងស្មារតី រួមគ្នាដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន ។
ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ទោ មួង វុទ្ធា ក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងយោធិនគ្រប់រូប នៃកងកម្លាំងអន្តរាគមន៍ទាំងអស់ របស់មជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក ដែលបានប្រុងប្រៀប កងកម្លាំង មធ្យោបាយ និងសម្ភារ: តាមផែនការ ត្រៀម២៤ម៉ោងលើ២៤ម៉ោង ដើម្បីរង់ចាំអនុវត្តបទបញ្ជាដែលថ្នាក់លើប្រគល់ជូន ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋ បានទាន់ពេលវរលា ៕