នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាសថា រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងមិនបង្កើតពន្ធថ្មីណាមួយបន្ថែមទៀត ចំពោះពលរដ្ឋឡើយ
ភ្នំពេញ៖ តាមរយៈវេទិកាជួបសំណេះសំណាល ជាមួយកម្មករនិយោជិតជិត ២ម៉ឺននាក់ នាព្រឹកថ្ងៃទី៣ តុលានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសប្រាប់ប្រជាពលរដ្ឋទាំង ១៧លាននាក់ថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលនាំផ្ទាល់ដោយសម្ដេច នឹងមិនមានការបង្កើតពន្ធថ្មីណាមួយបន្ថែមទៀត ចំពោះប្រជាពលរដ្ឋឡើយ ។
ក្នុងឱកាសនោះដែរ សម្ដេចធិបតី បានមានប្រសាសន៍ថា គ្រាន់តែប្អូនស្រី កន្និដ្ឋា នៅអាមេរិក ចេញមកនិយាយពន្យល់ពលរដ្ឋ ពីបញ្ហាពន្ធដារ ហើយសម្ដេចបានចេញសារអរគុណ ស្រាប់តែមានអ្នកចេញមកនិយាយថា ប្អូនស្រីលក់ក្បាលឲ្យសម្ដេចទៀត ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់អះអាងថា «ខ្ញុំសូមបញ្ជាក់បងប្អូនប្រជាពលរដ្ឋ ថាទី១.រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ មិនមានពន្ធថ្មីដាក់ឲ្យប្រជាពលរដ្ឋទេ មិនមានការបង្កើតពន្ធថ្មីនោះទេ អ្នកខ្លះទៅយកពន្ធ ដែលគេមានតាំងពីឆ្នាំ៨២ យកមកបំភ្លៃបំភ័យប្រជាពលរដ្ឋ ។ ពន្ធគ្រប់ប្រទេសទាំងអស់ គ្មានប្រទេសណាមិនយកពន្ធទេ តិច ច្រើន ពន្ធជាអ្វី ពន្ធជាមធ្យោបាយដែលយើងចែករំលែក ពីអ្នកដែលមានលទ្ធភាពទៅអ្នកដែលអត់លទ្ធភាព» ។
សម្ដេចបន្ថែមថា នៅអាមេរិកពន្ធជាង ១០០មុខ នៅថៃពន្ធជាង ៥០មុខ នេះរឿងប្រទេសគេ ប៉ុន្តែអ្វីដែលយើងគិតរឿងពន្ធនេះ ក៏យើងគិតពីស្ថានភាពសេដ្ឋកិច្ចដែរ សម្រាប់ជួយប្រជាពលរដ្ឋ ថាត្រូវបន្ធូរគម្រិតណាព្រោះសុទ្ធតែជាកូនខ្មែរទាំងអស់គ្នា ។ សម្ដេចថា បើយើងអត់មានលុយ ក៏មិនដឹងថាទៅជួយប្រជាជនយ៉ាងម៉េច ព្រោះប្រជាជនត្រូវការឲ្យជួយ ជាពិសេសអ្នករងហានិភ័យ ក្រីក្រ ដូច្នេះរដ្ឋត្រូវរកលុយខ្លះដើម្បីយកទៅជួយពួកគាត់ គឺយកពីអ្នកមានលទ្ធភាព ទៅជួយអ្នកដែលអត់មានលទ្ធភាព ។
សម្ដេចធិបតីអះអាងបន្ថែមថា «ខ្ញុំសូមបញ្ជាក់ថា ទី១.គ្មានពន្ធថ្មីកើតឡើងទេ គ្មានការដាក់ពន្ធប្រភេទថ្មីទេ ទី២.ពន្ធដែលមានស្រាប់មិនមានការដំឡើង អត្រាពន្ធទេ បញ្ជាក់ឲ្យច្បាស់អត់មានគៀបកប្រជាពលរដ្ឋទេ» ។
សម្ដេចធិបតីថ្លែងថា អ្នកខ្លះគេថារដ្ឋាភិបាលខ្មែរ គ្មានធ្វើអីទេ គ្មានជួយអីទាំងអស់ គៀបកតែប្រជាជនខ្លួនឯង ដើម្បីប្រមូលពន្ធ គេថារដ្ឋាភិបាលថ្មីមក យកពន្ធ ២០មុខលើប្រជាពលរដ្ឋ ដូចថារដ្ឋាភិបាលថ្មីមកគៀបក ដាក់ពន្ធថ្មីលើប្រជាពលរដ្ឋ គឺអត់មានពន្ធថ្មីទេ ពន្ធខ្លះយកតាំងពីឆ្នាំ១៩៨២ សូម្បីជំនាន់រដ្ឋកម្ពុជា ក៏មានពន្ធខ្លះដែរដើម្បីចំណូល ហើយពន្ធខ្លះយកតាំងពីឆ្នាំ៩៤ ។ រាជរដ្ឋាភិបាលយើងមានពន្ឌ ១៣មុខ គេមកបូកឃើញ២០មុខ តែបើរាប់ពិតប្រាកដមានតែ១៣មុខទេ ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា រឿងពន្ធដារ គោលការណ៍ដោះស្រាយរួម នឹងប្រកាសនៅខែវិច្ឆិកាខាងមុខនេះ។
ជុំវិញបញ្ហាពន្ធដារនេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សុំញែកឲ្យដាច់ពីគ្នា គឺរឿងវាមានពីរ ទី១.រឿងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រឿងគិតគូរទាំងសេដ្ឋកិច្ច ទាំងពន្ធអាករនេះ និងទី២.រឿងសម្ដីរបស់លោក គង់ វិបុល ដែលធ្វើឲ្យមានការជជែកគ្នា ៕