សម្តេចធិបតី៖ ពេលជួបវិស័យឯកជន នៅខែក្រោយ បងប្អូននឹងដឹងថា រដ្ឋាភិបាលផ្ដល់ការអនុគ្រោះអ្វីខ្លះដល់វិស័យឯកជន ដើម្បីមានលទ្ធភាពរស់ បង្កើតការងារ ឲ្យខ្មែរទូទាំងប្រទេស
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា នៅខែវិច្ឆិកាខាងមុខនេះ ពេលដែលជួបជាមួយវិស័យឯកជន បងប្អូនអាចនឹងដឹងថា រដ្ឋាភិបាលផ្ដល់ការអនុគ្រោះអ្វីខ្លះ នៅក្នុងការលំបាកនេះ ឲ្យវិស័យឯកជនមានលទ្ធភាពរស់ ដើម្បីបង្កើតការងារ ឲ្យបងប្អូនខ្មែរទូទាំងប្រទេស ។
ក្នុងឱកាសដែលសម្ដេច បន្តចុះជួបកម្មករជិត ២ម៉ឺននាក់ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នាថ្ងៃទី៣ ខែតុលា សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «នៅខែវិច្ឆិកា នៅពេលដែលជួបវិស័យឯកជន បងប្អូនអាចនឹងដឹងហើយថា រដ្ឋាភិបាលផ្ដល់ការអនុគ្រោះអ្វីខ្លះ នៅក្នុងការលំបាកនេះ ឲ្យវិស័យឯកជន ដើម្បីឲ្យវិស័យឯកជន មានលទ្ធភាពរស់ ដើម្បីបង្កើតការងារ ឲ្យបងប្អូនខ្មែរទូទាំងប្រទេស»។
វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ធ្វើឡើងក្នុងរយៈពេល១ឆ្នាំម្តង ជាយន្តការសន្ទនាមួយ ដែលមាននាយករដ្ឋមន្ត្រីនៃកម្ពុជា ជាអ្នកដឹកនាំផ្ទាល់ និងដោយមានការចូលរួម ពីរដ្ឋមន្ត្រីគ្រប់ក្រសួង ស្ថាប័ន អភិបាលគ្រប់រាជធានី-ខេត្ត តំណាងផ្នែកឯកជនគ្រប់វិស័យ ឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា និងតំណាងស្ថាប័នអន្តរជាតិមួយចំនួន។ វេទិកានេះ ផ្តល់ឱកាសឱ្យផ្នែកឯកជន លើកឡើងនូវបញ្ហាប្រឈម និងសំណូមពរជូនរាជរដ្ឋាភិបាលពិនិត្យ និងចាត់វិធាន ការសមស្របដើម្បីដោះស្រាយ ហើយរាល់ការសម្រេចនៅក្នុងវេទិកានេះ ត្រូវបានចាត់ទុកជាការសម្រេចរបស់គណៈរដ្ឋមន្ត្រី ៕