រាជរដ្ឋាភិបាល ចំណាយជាង ១ពាន់លានដុល្លារ សម្រាប់ឧបត្ថម្ភពលរដ្ឋជួបវិបត្តិកូវីដ១៩ និងបញ្ហាអតិផរណា សង្រ្គាមសេដ្ឋកិច្ច
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលបានចំណាយថវិកា ១២០០លានដុល្លារ ក្នុងការជួយដល់ប្រជាពលរដ្ឋជួបវិបត្តិជំងឺកូវីដ-១៩ និងបញ្ហាអតិផរណា សង្គ្រាមសេដ្ឋកិច្ច ។
ក្នុងឱកាសបន្តចុះជួបកម្មករជិត ២ម៉ឺននាក់ នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «រាជរដ្ឋាភិបាលបានគិតគូរជាប្រចាំដើម្បីជួយដល់ប្រជាពលរដ្ឋ ជាពិសេសពេលដែលប្រជាពលរដ្ឋជួបការលំបាកតាំងពីជំនាន់កូវីដ១៩ រហូតមកដល់ពេលនេះមិនទាន់បានចប់នោះទេ ទី១ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាពលរដ្ឋងាយរងគ្រោះពេលកូវីដ១៩ ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ។ កូវីដជួយតាំងពីឆ្នាំ២០២០ ការជួយកុមារ និងស្ត្រីមានផ្ទៃពោះ យើងចាប់ផ្តើមពីឆ្នាំ២០១៩ គ្រួសារប្រជាពលរដ្ឋងាយរងគ្រោះ ដោយអតិផរណា និងសង្គ្រាមសេដ្ឋកិច្ច យើងបានចាប់ផ្តើមតាំងពីឆ្នាំ២០២២ ហើយក្នុងប៉ុន្មានឆ្នាំនេះអ្នកដែលបានផលពីការជួយនេះ សាច់ប្រាក់ដែលយើងបានជួយ ៤លាន ៨សែននាក់ ហើយចំណាយប្រាក់អស់ ១២០០លានដុល្លារ នេះហើយជាថវិកា ដែលរាជរដ្ឋាភិបាលបានជួយ»។
សម្តេចធិបតី ថ្លែងថា រាជរដ្ឋាភិបាល បានគិតលើការងារ៣៖ ទី១.អ្វីខ្លះដែលប្រជាពលរដ្ឋបានទទួលហើយ ត្រូវបន្តឱ្យគាត់ ទី២.គិតថាតើក្រោយពីរាជរដ្ឋាភិបាលបង្កើតយើងត្រូវពង្រីកថ្មីៗ ដើម្បីជួយដល់ប្រជាពលរដ្ឋដែលជួបការលំបាក និងទី៣.ក្រៅពីអ្វីដែលយើងជួយផ្ទាល់ ក្រៅពីថវិកា តើមានអ្វីដែលយើងជួយសម្រួលគាត់ខ្លះ ដើម្បីឱ្យគាត់បានងាយស្រួលធ្វើការ និងមានជីវភាពកាន់តែកើតឡើងទៅ។
សម្តេចធិបតីលើកឡើងថា ៩ខែ ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលចំណាយលើការជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះ ស្ត្រីមេម៉ាយ និងកុមារតូច អស់ថវិកាជិត ៤៥លានដុល្លារ ហើយរាជរដ្ឋាភិបាលនៅតែបន្តជួយជាបន្តបន្ទាប់ទៀត។ កម្មវិធីផ្តល់អាហារតាមសាលារៀន រាជររដ្ឋាភិបាលបានធ្វើតាំងពីឆ្នាំ២០១៩ ហើយយកផលិតផលពីសហគមន៍ និងបានអនុវត្តន៍លើ ១០ខេត្ត និង ៤១៧សាលា ក្នុងនោះកូនក្មេងទទួលបានផល ១១ម៉ឺននាក់ ហើយរដ្ឋាភិបាលបានចំណាយថវិកា ១៧លានដុល្លារ សម្រាប់បំប៉នអាហារដល់កូនចៅប្រជាពលរដ្ឋ ហើយរាជរដ្ឋាភិបាលនឹងនៅបន្ត និងបន្តពង្រីក។
សម្តេចធិបតីបន្ថែមថា រាជរដ្ឋាភិបាលបានធ្វើការបណ្តុះបណ្តាល វិជ្ជាជីវៈជូនដល់ប្រជាពលរដ្ឋបាន ១លាន ៥សែននាក់ ចំណាយថវិកា ៣៦លានដុល្លារក្នុងមួយឆ្នាំ ហើយកើនជាប្រចាំឆ្នាំ។ រាជរដ្ឋាភិបាល ក៏បានដាក់ចេញកម្មវិធីជួយទីផ្សារកសិផលចំនួន ១០០លានដុល្លារ ក្នុងមួយឆ្នាំ ដែលរាជរដ្ឋាភិបាលចំណាយលុយផងដែរ ៕