សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានការតក់ស្លុត រន្ធត់ចិត្តយ៉ាងក្រៃលែង និងចាត់មន្ត្រីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះរមណភាពស្ត្រីដែលបានស្លាប់បន្ទាប់ពីឆ្លងទន្លេ ប្រសូត្របានកូនភ្លោះ ៣នាក់
ភ្នំពេញ៖ បន្ទាប់ពីទទួលដំណឹងដ៏តក់ស្លុតចំពោះរមណភាពរបស់ស្ត្រីជាមាតាមួយរូប ដែលមានជំងឺប្រចាំកាយ ហើយបានស្លាប់បាត់បង់ជីវិតបន្ទាប់ពីឆ្លងទន្លេ ប្រសូត្របានកូនភ្លោះ ៣នាក់ នោះ នៅថ្ងៃទី ៣ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការ អង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រីនិងកុមារ បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងចាត់មន្ត្រីនាំយកគ្រឿងឧបភោគបរិភោគ និងបច្ច័យចំនួន ៥លានរៀល ចូលរួមបុណ្យសព អ្នកស្រី ផុន សោភណ្ឌ មុខរបរជាគ្រូបង្រៀន ដែលបានទទួលមរណភាពកាលពីថ្ងៃទី ២ ខែតុលា ម្សិលម៉ិញនេះ ក្នុងជន្មាយុ ៣៩ឆ្នាំ ចាកចោលស្វាមី ឪពុកម្តាយ គ្រួសារជាទីស្រឡាញ់ ជាពិសេសកូនៗទាំង ៥នាក់ (ក្នុងនោះ កូនភ្លោះស្រី ៣នាក់ ដែលទើបសម្រាល) ឱ្យនៅកំព្រាម្តាយ រស់នៅភូមិរំលោងប្រឃ្លះ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ស្ថិតក្នុងក្តីដ៏សោកសង្រេងនេះ លោកជំទាវ ហួន ច័ន្ទបូរ៉ា នាយិកានាយកដ្ឋានទំនាក់ទំនង កាកបាទក្រហមកម្ពុជា បានពាំនាំនូវការរំលែកទុក្ខដ៏ក្រៀមក្រំបំផុតពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលអ្នកម្តាយមនុស្សធម៌ មានក្តីក្តុកក្តួល រន្ធត់ចិត្តក្រៃលែង ចំពោះមរណភាពរបស់អ្នកស្រី ផុន សោភណ្ឌ និងសូមឧទ្ទិសបួងសួងសូមឱ្យវិញ្ញាណក្ខន្ធសពអ្នកស្រី បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ជាមួយគ្នានេះ លោកជំទាវ ហួន ច័ន្ទបូរ៉ា ក៏បានពាំនាំនូវប្រសាសន៍របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើលើកទឹកចិត្តដល់លោក អ៊ី សុខជឿន ដែលត្រូវជាស្វាមីរបស់អ្នកស្រី ផុន សោភណ្ឌ ត្រូវមានស្មារតីរឹងប៉ឹង ខិតខំតស៊ូជម្នះការលំបាក ប្រឹងប្រែងប្រកបរបរដើម្បីជីវិតរស់នៅបន្តទៀត ជាពិសេសចិញ្ចឹមកូនៗ ឱ្យបានសិក្សារៀនសូត្រខ្ពង់ខ្ពស់ និងមានអនាគតភ្លឺស្វាង។
លោក អ៊ី សុខជឿន និងក្រុមគ្រួសារ មានក្តីរំភើបក្តុកក្តួល រំជួលចិត្ត និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ លើកទឹកចិត្ត និងជួយសម្រាលការលំបាក តាមរយៈការចូលបុណ្យនូវ អង្ករ ១០០គីឡូក្រាម, មី ៥កេស, ត្រីខ ៥០កំប៉ុង, ទឹកក្រូច ៥កេស និងថវិកា ៥លានរៀល។ ទន្ទឹមនឹងនេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ក៏បានចូលបុណ្យសពនូវ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនផងដែរ៕