សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភស្បៀងអាហារ និងថវិកា ដល់សាលាពលទាហានទី៤
ភ្នំពេញ៖ ឧត្តមសេនីយ៍ត្រី ឈឹង សារុន នាយកសាលាពលទាហានទី៤ នៅថៃ្ងទី៣ ខែតុលា ឆ្នាំ២០២៣ បានទទួលអំណោយឧបត្ថម្ភរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ តាមរយៈឧត្តមសេនីយ៍ត្រី ជុយ សីហា មេបញ្ជាការរង យោធភូមិភាគទី៤ ដែលរួមមានស្បៀងអាហារ និងថវិកា សម្រាប់ជួយទ្រទ្រង់ដល់ការងាររបស់សាលាពលទាហានទី៤។
ឧត្តមសេនីយ៍ត្រី ជុយ សីហា បានពាំនាំនូវពាក្យផ្តាំផ្ញើរសាកសួរសុខទុក្ខរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដល់នាយក នាយករង នាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំង យោធាចារ្យទាំងអស់ នៅក្នុងសាលាពលទាហានទី៤ ត្រូវគោរពអោយបានខ្ជាប់ខ្ជួននូវលក្ខខន្តិកៈ និងបទវិន័យទូទៅនៃកងយោធពលខេមរភូមិន្ទ និងគោរពអោយបានម៉ឺងម៉ាត់រាល់បទបញ្ជារបស់សាលាដែលបានកំណត់។ ត្រូវប្តេជ្ញា ការពារ ជាតិ សាសនា ព្រះមហាក្សត្រ។ ប្តេជ្ញាការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោតដ៏ត្រឹមត្រូវ និងយុទ្ធិធម៌។ ជាពិសេសនារដូវវស្សានេះ និងជារដូវបុណ្យភ្ជុំបិណផង លោកឧត្តមសេនីយ៍ត្រី បានអំពាវនាវដល់ នាយទាហាន នាយទាហានរង ពលទាហាន និង យោធាចារ្យទាំងអស់ ត្រូវយកចិត្តទុក្ខដាក់ថែរក្សាសុខភាព សុវត្តិភាព ទាំងក្នុងការធ្វើដំណើរនៅតាមដងផ្លូវ និងសូមជូនពរអោយរួចផុតពីជំងឺកាចសាហាវទាំងឡាយផងដែរ។
សន្តានចិត្តដ៏ប្រពៃរបស់ សម្តេចមហាបវរធិបតី និងលោកជំទាវ បានបង្ហាញយ៉ាងប្រត្យក្សនូវការយកចិត្តទុកដាក់ដល់ខឿនអប់រំដែលជាថ្នាលដ៏សំខាន់ក្នុងការជួយអភិវឌ្ឍន៍ បណ្តុះបណ្តាល និងលើកកម្ពស់សមត្ថភាពយោធិន នៃកងយោធពលខេមរភូមិន្ទ អោយកាន់តែល្អប្រសើរ ធានាបាននូវគុណភាពនៃបរិមាណ និងការគិតគូរដល់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំង យោធាចារ្យទាំងអស់ ដែលកំពុងបម្រើការតាមតួនាទីភារកិច្ចរបស់ខ្លួន ។
ឧត្តមសេនីយ៍ត្រី ឈឹង សារុន តាងនាមឱ្យថ្នាក់ដឹកនាំ នាយទាហាន នាយទាហាន រង និងពលទាហាន ព្រមទាំង យោធាចារ្យ នៃសាលាពលទាហានទី៤ ទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ សម្តេចមហាបវរធិបតី និង លោកជំទាវ ដែលជានិច្ចកាលតែងបារម្ភអំពីសុខុមាលភាពរបស់យោធិនបម្រើដល់ថ្នាលបណ្តុះបណ្តាលធនធានមនុស្ស នៃកងយោធពលខេមរភូមិន្ទ ហើយជាកិច្ចតបស្នង យោធិនគ្រប់រូបប្តេជ្ញាបន្តខិតខំយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចអោយបានល្អ ជូនជាតិ មាតុភូមិ និងប្រជាជន ៕