នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ មូលដ្ឋាននៃការអប់រំ ត្រូវពង្រឹងចាប់ពីថ្នាក់មូលដ្ឋាន
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញអបអរទិវាគ្រូបង្រៀន លើកទី២៦ ក្រោមប្រធានបទ «គ្រូបង្រៀនជាសសរស្តម្ភ នៃកំណែទម្រង់ សាលារៀនឆ្ពោះទៅរកឧត្តមភាព» នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នាព្រឹកថ្ងៃទី៥ ខែតុលានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា មូលដ្ឋាននៃការអប់រំ ត្រូវពង្រឹងចាប់ពីថ្នាក់មូលដ្ឋាន ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តថា ដំណាក់កាលនេះ ជាដំណាក់កាលពង្រឹងវិស័យអប់រំ ដូច្នេះត្រូវយកសសរស្ដម្ភណាមួយ ក្នុងនោះមានការពង្រឹងមូលដ្ឋាន នៃការសិក្សារបស់សិស្ស ចាប់តាំងពីថ្នាក់មត្ដេយ្យរហូតដល់ថ្នាក់ទី១២ ឬមធ្យមសិក្សាតែម្ដង ដែលការអប់រំនេះ ត្រូវផ្ដោតលើលទ្ធផលចំនួន២ គឺសមត្ថភាព និងឥរិយាបថ ។
ជាមួយគ្នានោះសម្តេចធិបតី ក៏បានថ្លែងកោតសរសើរដល់ក្រសួងអប់រំ ដែលសម្រេចបានលទ្ធផលជាក់ស្ដែង ក្នុងវិស័យអប់រំជាច្រើន រយៈពេលកន្លងមកនេះ ពិសេសការបង្កើតសាលាជំនាន់ថ្មី រួមនឹងសមិទ្ធផលវិស័យអប់រំជាច្រើនទៀត ដែលបង្កើតបាននូវធនធានមនុស្សល្អៗជាច្រើន សម្រាប់ចូលរួមក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ៕