ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ថា កុំខ្លាចការវិនិយោគ លើការអភិវឌ្ឍធនធានមនុស្ស
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កុំខ្លាចការវិនិយោគ លើការអភិវឌ្ឍធនធានមនុស្ស ។
ក្នុងឱកាសអញ្ជើញប្រារព្ធទិវាគ្រូបង្រៀនលើកទី២៦ នាថ្ងៃ៥ តុលា ក្រោមប្រធានបទ «គ្រូបង្រៀន ជាសសរស្តម្ភនៃសាលារៀន ឆ្ពោះទៅរកឧត្តមភាព» សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ដើម្បីសាលារៀនដំណើរបានល្អ គឺត្រូវពឹងផ្អែកសំខាន់លើនាយកសាលា និងគ្រូបង្រៀន។ នាយកសាលាប្រៀបដូចជា ឪពុកម្តាយ របស់សាលា។
សម្តេចថា នាយកសាលា គឺដើរតួយ៉ាងសំខាន់ដែលដើរតួជាគំរូដល់លោកគ្រូ អ្នកគ្រូ និងសិស្ស។ សម្តេចបន្ថែមថា លោកគ្រូ អ្នកគ្រូ គឺជាតួអង្គដ៏សំខាន់ ដែលនៅជិតសិស្ស ក្នុងការជួយអភិវឌ្ឍន៍។
ជាមួយគ្នានោះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការគាំទ្រ លើកម្មវិធីកែទម្រង់អប់រំ ពីឆ្នាំ២០២៣ ដល់ ២០២៨។
សម្តេចគូសបញ្ជាក់ថា គ្រូមួយថ្ងៃ គឺគ្រូមួយជីវិត ហើយលោកគ្រូ អ្នកគ្រូ គឺជាឪពុកម្តាយទីពីរ របស់សិស្សានុសិស្ស ដែលជួយបង្ហាត់បង្រៀន និងផ្ដល់ចំណេះដឹង ៕