រាជរដ្ឋាភិបាល កំពុងបន្តគិតគូរដំឡើងប្រាក់បៀវត្ស និងអត្ថប្រយោជន៍ដល់គ្រូបង្រៀន នៅទូទាំងប្រទេស
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាល កំពុងបន្តគិតគូរ និងយកចិត្តទុកដាក់លើការដំឡើងប្រាក់បៀវត្ស និងអត្ថប្រយោជន៍ដល់គ្រូបង្រៀននៅទូទាំងប្រទេស ខណៈបច្ចុប្បន្នគ្រូបង្រៀន ក្របខណ្ឌ (ក) ទទួលបានប្រាក់បៀវត្សក្នុងរង្វង់ជិត ១លានរៀល ។
ក្នុងឱកាសអញ្ជើញអបអរទិវាគ្រូបង្រៀន លើកទី២៦ ក្រោមប្រធានបទ «គ្រូបង្រៀនជាសសរស្តម្ភ នៃកំណែទម្រង់ សាលារៀនឆ្ពោះទៅរកឧត្តមភាព» នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នាថ្ងៃទី៥ ខែតុលានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា គ្រូបង្រៀនត្រូវមានទាំងចំណេះដឹង គុណធម៌ និងសីលធម៌ ដែលជាគំរូ និងមូលដ្ឋានគ្រឹះក្នុងការបណ្ដុះបណ្ដាល ចែករំលែកចំណេះដឹងទៅដល់សិស្សានុសិស្ស និងយុវជនជំនាន់ក្រោយ ជាពិសេសជាការពង្រឹង និងបណ្ដុះបណ្ដាលធនធនមនុស្សល្អសម្រាប់ប្រទេសកម្ពុជា។