សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល មានផែនការលើកទឹកចិត្តគ្រូបង្រៀន ដើម្បីធានាគុណភាពនៃការអប់រំនៅក្នុងប្រទេស
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញលើកទឹកចិត្ដដល់គ្រូបង្រៀន ដោយថ្លែងថា រាជរដ្ឋាភិបាលមានគោលដៅយុទ្ធសាស្រ្ត និងផែនការលើកទឹកចិត្តគ្រូបង្រៀន ដើម្បីធានាគុណភាពនៃការអប់រំនៅក្នុងប្រទេស។
ការថ្លែងបែបនេះរបស់សម្ដេចធិបតី ក្នុងឱកាសដែលសម្តេច បានអញ្ជើញក្នុងពិធីអបអរសាទរ ទិវាគ្រូបង្រៀន ០៥ តុលា ២០២៣ ក្រោមប្រធានបទ៖ “គ្រូបង្រៀន ជាសសរស្តម្ភនៃសាលារៀន ឆ្ពោះទៅរកឧត្តមភាព” នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការលើកទឹកចិត្តគ្រូបង្រៀននេះ រួមមានទាំងការដំឡើងបៀវត្សរ៍បន្ថែមដល់គ្រូក្នុងកម្មសិក្សា ការពង្រឹងគន្លងអាជីព និងការពង្រឹងគុណភាពគ្រូបង្រៀនផងដែរ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា គ្រូបង្រៀនត្រូវមានទាំងចំណេះដឹង និងគុណធម៌ សីលធម៌ដែលជាគំរូ និងជាមូលដ្ឋានគ្រឹះក្នុងការបណ្ដុះបណ្ដាលចែករំលែកចំណេះដឹងទៅដល់សិស្សានុសិស្ស និងយុវជនជំនាន់ក្រោយជាពិសេសជាការពង្រឹងនិងបណ្ដុះបណ្ដាលធនធនមនុស្សល្អសម្រាប់ប្រទេសកម្ពុជា ៕