ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៖ ចាប់ពីពេលនេះតទៅនៅគ្រប់សាលារៀនរបស់រដ្ឋ នឹងមានការអប់រំ ប្រកបដោយគុណភាពស្តង់ដារខ្ពស់
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសន្យាថាចាប់ពីពេលនេះតទៅនៅគ្រប់សាលារៀនរបស់រដ្ឋទាំងអស់ នឹងមានការអប់រំ ប្រកបដោយគុណភាពស្តង់ដារខ្ពស់ដោយមិនឱ្យមានសាលាល្អនិងសាលាមិនល្អនោះទេ។ ការលើកឡើងរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីអបអរសាទរ ទិវាគ្រូបង្រៀន ៥ តុលា ២០២៣ ក្រោមប្រធានបទ “គ្រូបង្រៀន ជាសសរស្តម្ភនៃសាលារៀន ឆ្ពោះទៅរកឧត្តមភាព” នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖« យើងត្រូវតែរៀបចំឱ្យសាលារៀនរដ្ឋទាំងអស់ជាសាលារៀនល្អនៅថ្នាក់មូលដ្ឋាន ដោយពង្រឹងនូវអ្វីដែលមានស្រាប់ជាជាងពង្រីកបន្ថែម»។ សម្តេចធិបតីបានបន្ដថា ចាប់ពីអាណត្តិនេះតទៅសាលារៀនរដ្ឋមិនចាំបាច់មានឱ្យប្រជាពលរដ្ឋយកកូន មានកូនចៅដោយវេចបង្វិចពីស្រុកមួយទៅស្រុកមួយទៅរៀនសាលាមួយទៀតនោះទេ ព្រោះថាសាលារៀនរបស់រដ្ឋទាំងអស់ចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី ១២ក្លាយជាសាលាល្អដែលអាចទទួលយកបាន។ សម្តេចធិបតីបានឱ្យដឹងទៀតថា យើងត្រូវពង្រឹងគ្រប់សាលារៀនរដ្ឋទាំងអស់ឱ្យមានភាពខ្លាំង រឹងមាំដើម្បីធ្វើជាមូលដ្ឋានទាំងសមត្ថភាព ទាំងឥរិយាបថ គុណធម៌ សីលធម៌ វិន័យ សណ្តាប់ធ្នាប់។ «សាលាពីរ ពេលកូនចេញពីសាលារៀនកូនចេះគោរព សំពះ ឪពុកម្តាយ បែរសាលាមួយទៀតអត់ទាន់ធ្វើ។ ចំណុចនេះខ្ញុំគិតមិនពិបាកធ្វើនោះ ទេ»។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានអះអាងថា នៅមុនបោះឆ្នោតសម្តេចក៏បានឱ្យក្រុមការងារចុះធ្វើការត្រួតពិនិត្យនិងវាយតម្លៃនៅតាមសាលារៀនជាង៥៥សាលារៀន តែលទ្ធផល ឃើ ញថាមានសាលាមួយចំនួនលោកគ្រូ អ្នកគ្រូខ្លះមានគំនិតក្នុងការច្នៃប្រឌិតធ្វើដោយមិនត្រូវការចំណាយថវិកានោះទេ។ សម្តេចធិបតីបានបន្ថែមថា ការធ្វើការកែទម្រងសាលារៀនរដ្ឋនេះនឹងធ្វើតាមលទ្ធភាពដែលមានជាជាងងាកតែរកគេ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា សម្តេចបានរៀបចំគណៈកម្មការក្នុងការរៀបចំដែលមានបទពិសោធន៍ក្នុងការរៀបចំសាលាឱ្យល្អដើម្បីចុះទៅអប់រំនៅតាមសាលារៀនមួយចំនួន រួចធ្វើការអប់រំបន្តគ្នា។ ចំពោះកែទម្រង់វិស័យអប់រំនេះសម្តេចធិបតីនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលមានភារកិច្ចក្នុងការកែតម្រង់ទិស ដើម្បីឱ្យសាលាល្អ ៕