នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ ១០ឆ្នាំទៀត សាលារដ្ឋជាសាលាទំនើបកម្ម ពិសេសវិន័យសណ្តាប់ធ្នាប់កូនសិស្សកាន់តែរឹងមាំ
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ១០ឆ្នាំខាងមុខ សាលារដ្ឋនឹងក្លាយជាសាលាទំនើប ជាពិសសវិន័យសណ្ដាប់ធ្នាប់សិស្សនឹងកាន់តែល្អរឹងមាំ ។
ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធ ទិវាគ្រូបង្រៀនលើកទី២៦ នាថ្ងៃទី៥ តុលានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឲ្យយកពេល ២ថ្ងៃក្នុងមួយសប្តាហ៍ នាំសិស្សចូលរួមធ្វើកិច្ចការសង្គម។
សម្ដេចធិបតី បានជំរុញក្រសួងអប់រំ នាយកសាលា និងគណៈគ្រប់គ្រងសាលារៀន ត្រូវចេះកែច្នៃសាលារៀនដែលមានស្រាប់ ឲ្យមានគុណភាពខ្ពស់ ចាប់ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី១២ ហើយសម្តេចរំពឹងថា ចាប់ពីអាណត្តិទី៧ សាលារៀនរដ្ឋទាំងអស់ នឹងមានគុណភាពអប់រំខ្ពស់ និងសិស្សមានវិន័យកាន់តែល្អ ដោយមិនមានការបែងចែកសាលារៀនល្អ ឬមិនល្អឡើយ។
សម្តេចធិបតី បានលើកឡើងថា មិនចាំបាច់ទាល់តែបង្កើតសាលារៀនជំនាន់ថ្មីទូទាំងប្រទេស ដែលត្រូវចំណាយច្រើនទេ ឲ្យតែមានការអនុវត្តខ្ជាប់ខ្ជួននូវអ្វី ដែលរាជរដ្ឋាភិបាលបានដាក់ចេញ សាលារដ្ឋនឹងមានគុណភាពទាំងអស់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «យើងនៅក្រ កុំទាល់តែរដ្ឋដាក់លុយទៅទើបបង្កើតកម្មវិធី។ ច្នៃអ្វីដែលមានស្រាប់ យកទឹកចិត្ត យកផ្នត់គំនិត និងយកទឹកចិត្ត ដែលយើងមានទៅច្នៃអ្វីនៅក្នុងដៃ ឲ្យចេញជារូបរាង ខ្ញុំថាកម្មវិធីដែលយើងច្នៃ មិនប៉ះពាល់ដល់ប្រយោជន៍សិស្សទេ មានតែជួយទៅវិញ។ អញ្ចឹង ខ្ញុំជឿថា នឹងជោគជ័យ ប៉ុន្តែត្រូវមានការចូលរួមពីលោកគ្រូអ្នកគ្រូ ពីនាយក ពីឪពុកម្តាយ ពីសហគមន៍ ហើយយើងនឹងអនុវត្តន៍គម្រោងនេះ ហើយយើងនឹងខិតខំ។ អញ្ចឹងវិស័យអប់រំ បើយើងធ្វើអាហ្នឹងបាន ១០ឆ្នាំទៀត សាលារដ្ឋយើងគឺជាសាលាទំនើបកម្ម និងវិន័យសណ្តាប់ធ្នាប់កូនយើងកាន់តែរឹងមាំ ដែលនេះជាគន្លឹះ២ ដែលខ្ញុំដាក់ចេញក្នុងវិស័យអប់រំ ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី១២» ៕