លោក ញ៉ាញ់ ជាបហ៊ង៖ បើទឹកភ្លៀងរដូវវស្សាឆ្នាំនេះ បញ្ចប់ក្នុងសប្តាហ៍ទី៣ នៃខែតុលា នោះដំណាំស្រូវនៅខេត្តកំពង់ស្ពឺ ជាង ៧០% នឹងរងផលប៉ះពាល់ពីបញ្ហាខ្វះទឹក
ភ្នំពេញ៖ លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានលើកឡើងថា ប្រសិនបើក្នុងករណីរដូវវស្សានេះ បញ្ចប់ក្នុងសប្តាហ៍ទី៣ នៃខែតុលា នោះ ដំណាំស្រូវនៅខេត្តកំពង់ស្ពឺ ជាង ៧០ភាគរយ នឹងរងផលប៉ះពាល់ពីបញ្ហាខ្វះទឹក ។
លោកប្រធានមន្ទីរធនធានទឹក ញ៉ាញ់ ជាបហ៊ង បានថ្លែង នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ បន្តថានៅក្នុងរដូវប្រាំងខាងមុខ ក៏ត្រូវប្រឈមនឹងការខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃទៀត ដោយសារទឹកដែលមាននៅក្នុងអាង ត្រូវបញ្ចេញទៅសង្គ្រោះស្រូវអស់ នៅចុងរដូវវស្សា ។
យោងលើហេតុផលដូចខាងលើ ក្រុមកាងារបច្ចេកទេសនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បាននិងកំពុងរៀបចំម៉ាស៊ីនបូមទឹក កម្លាំង៦៥សេះ ចំនួន១៥គ្រឿង ដើម្បីត្រៀមអន្តរាគមន៍សង្គ្រោះស្រូវ ជូនបងប្អូនប្រជាពលរដ្ឋក្នុងករណី មានបញ្ហាខ្វះទឹកកើតឡើងនៅចុងរដូវវស្សាខាងមុខ ។
ការបញ្ជាក់របស់លោក ញ៉ាញ់ ជាបហ៊ង បែបនេះធ្វើឡើងយោងតាមក្រសួងធនធានទឹក ជូនដំណឹងស្តីពីការព្យាករអាកាសធាតុលើកទី៣ សម្រាប់រដូវវស្សាឆ្នាំ២០២៣ថា តាមការវិវត្តនៃអាកាសធាតុជាសកល និងតំបន់ក៏ដូចជានៅក្នុងផ្ទៃប្រទេសកម្ពុជាបង្ហាញឱ្យឃើញថា នៅក្នុងរដូវវស្សាឆ្នាំ២០២៣នេះ បាតុភូតអែលនីណូបានបង្កើនឥទ្ធិពល ចាប់ពីខែកញ្ញាដល់ខែធ្នូឆ្នាំ២០២៣ ដល់អត្រាមធ្យមភាគ ១០០ភាគរយ នាំឱ្យផ្ទៃដីរងទឹកភ្លៀងនិងបរិមាណទឹកភ្លៀងចាប់ផ្តើមថយចុះ ជាលំដាប់ហើយនឹងរដូវវស្សា បញ្ចប់លឿនជាងឆ្នាំ២០២២ ៕