រដ្ឋមន្ត្រីការងារ គាំទ្រក្រុមហ៊ុនចិនធំមួយស្វែងរកកម្លាំងពលកម្មជាង ៦ពាន់នាក់សម្រាប់បំពេញតម្រូវការវិនិយោគថ្មី
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសផ្តល់ការគាំទ្រយ៉ាងពេញទំហឹង ក្នុងការផ្តល់ជំនួយស្វែងរកកម្លាំងពលកម្មចំនួនជាង ៦ពាន់នាក់ ដើម្បីបំពេញកង្វះខាតក្នុងខ្សែចង្វាក់ផលិតកម្ម នៃការពង្រីកការវិនិយោគរោងចក្រកាត់ដេរទី២ របស់ក្រុមហ៊ុនចិនធំមួយ នៅក្នុងខេត្តកំពង់ស្ពឺ ដែលគ្រោងនឹងដាក់ឱ្យដំណើរការចង្វាក់ផលិតកម្មនៅពេលខាងមុខនេះ។
ការលើកឡើងនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុញ្ញាតឱ្យលោក Ray Chen នាយកប្រតិបត្តិនៃក្រុមហ៊ុន ជេនេរ៉ល អេនធើប្រាយ ហ្កាមិន (ខេមបូឌា) ឯ.ក. (General Enterprise Garment (Cambodia) Co., Ltd) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែតុលា ឆ្នាំ២០២៣នេះ នៅទីស្តីការក្រសួង។
នៅក្នុងជំនួបពិភាក្សានោះ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងអំណរសាទរ ចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ក្រុមហ៊ុនកាត់ដេរ ជេនេរ៉ល អេនធើប្រាយ ហ្កាមិន (ខេមបូឌា) ឯ.ក. ក្នុងការពង្រីកការវិនិយោគរោងចក្រកាត់ដេរគម្រោងទី២របស់ខ្លួន នៅក្នុងខេត្តកំពង់ស្ពឺ ដោយបាននាំយកបច្ចេកវិទ្យាចុងក្រោយ ដើម្បីជួយជំរុញខ្សែចង្វាក់ផលិតកម្ម។
ឯកឧត្តម ហេង សួរ មានប្រសាសន៍ថា តាមរយៈបទពិសោធន៍ច្រើនឆ្នាំនៃការដំណើរការរបស់ក្រុមហ៊ុន និងការប្រើប្រាស់នូវបច្ចេកវិទ្យាទំនើប ឯកឧត្តមជឿជាក់ថា ការវិនិយោគនេះនឹងឆ្លើយតបទាំងផ្នែកការងារ បរិស្ថាន និងស្តង់ដាអន្តរជាតិ ព្រមទាំងនឹងទទួលបានការគាំទ្រពីសំណាក់ភាគីពាក់ព័ន្ធ។
ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញឱ្យក្រុមហ៊ុនសហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្ថែមលើមធ្យោបាយរបស់ខ្លួន ដើម្បីពិនិត្យមើលលើការស្វែងរកបុគ្គលិកប្រមាណជាង ៦ពាន់នាក់ ដើម្បីចូលបំពេញការងារនៅក្នុងរោងចក្រ ហើយក្រសួងក៏រីករាយក្នុងការជួយជ្រោមជ្រែង ក្នុងការស្វែងរកកម្មករនិយោជិត នៅតាមបណ្តាខេត្តនានានៃប្រទេសកម្ពុជាផងដែរ។
ជាការឆ្លើយតប លោកអគ្គនាយកក្រុមហ៊ុនបានថ្លែងអំណរគុណ ចំពោះឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ដែលបានគាំទ្រ និងផ្តល់ជំនួយក្នុងការស្វែងរកកម្លាំងពលកម្ម ដើម្បីជំរុញផលិតកម្មនៃការវិនិយោគថ្មីរបស់ក្រុមហ៊ុន។ ជាមួយគ្នានេះ ក្រុមហ៊ុននឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងទីភ្នាក់ងារជាតិមុខរបរ និងការងារ ដើម្បីស្វែងរកបុគ្គលិកមកបំពេញការងារឱ្យបានឆាប់រហ័សសម្រាប់ដំណើរការនៃរោងចក្រថ្មី ដែលទើបសាងសង់រួច។
គួរបញ្ជាក់ថា ក្រុមហ៊ុន General Enterprise Garment (Cambodia) Co., Ltd គឺជាក្រុមហ៊ុនផលិត និងនាំចេញវាយនភណ្ឌដ៏ធំមួយ ដែលបានបោះទុនវិនិយោគចូលមកប្រទេសកម្ពុជា ខណៈរោងចក្រទី១របស់ខ្លួនស្ថិតនៅក្នុងខេត្តកណ្តាល បាននិងកំពុងបង្កើតការងាររាប់ពាន់កន្លែងជូនពលរដ្ឋកម្ពុជា៕