រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយ អនុរដ្ឋមន្ត្រីក្រសួងសហគ្រាស និងការផលិតនៅអ៊ីតាលី
ភ្នំពេញ៖ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម VALENTINO VALENTINI អនុរដ្ឋមន្ត្រីក្រសួងសហគ្រាស និងការផលិតនៅអ៊ីតាលី(ENTERPRISES AND MADE IN ITALY) ដើម្បីបន្តលើកកម្ពស់ទំនាក់ទំនងទ្វេភាគីលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគ។
ជាកិច្ចចាប់ផ្ដើម លោកជំទាវរដ្ឋលេខាធិការ បានសម្តែងការស្វាគមន៍ជូនចំពោះ ឯកឧត្តម VALENTINO VALENTINI អនុរដ្ឋ មន្ត្រីក្រសួងសហគ្រាសនិងការផលិតនៅអ៊ីតាលីនិងសហការី ព្រមទាំងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនិងប្រជាជន អ៊ីតាលី ដែលបានបន្តគាំទ្រដល់កម្ពុជាក្នុងការអភិវឌ្ឍលើគ្រប់វិស័យ រួមមានជាអាទិ៍៖ វិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, វិនិយោគ និងវប្បធម៌ជាដើម ជាពិសេសការបរិច្ចាគវ៉ាក់សាំងការពារជំងឺកូវីដ-១៩ដល់ប្រជាជនកម្ពុជា តាមរយៈកម្មវិធីCOVAX។
ក្នុងឱកាសនោះដែរ លោកជំទាវរដ្ឋលេខាធិការ ក៏បានជម្រាបជូនអំពីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧ តាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់ទី១ រួមមាន៖ ការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស, ការធ្វើពិពិធកម្មសេដ្ឋកិច្ច, ការលើកកម្ពស់វិស័យឯកជន, ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន និងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល។ ចំពោះការធ្វើពិពិធកម្មសេដ្ឋកិច្ច លោកជំទាវ បានគូសបញ្ជាក់អំពីសមិទ្ធផលនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនិងពហុភាគី ដែលកម្ពុជាសម្រេចបានរួមមាន៖ អាសិប(RCEP), កម្ពុជា-ចិន(CCFTA), កម្ពុជា-កូរ៉េ(CKFTA), និងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម(Cambodia-UAE CEPA)ជាដើម។
បន្ថែមពីនេះ លោកជំទាវ ក៏បានលើកអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងកិច្ចសម្រួលពាណិជ្ជកម្ម និងលើកកម្ពស់បរិយាកាសវិនិយោគជូនវិស័យឯកជន តាមរយៈការដាក់ឱ្យប្រើច្បាប់វិនិយោគថ្មី និងការរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនជារៀងរាល់ឆ្នាំ ដើម្បីទទួលយកសំណូមពរ សិក្សាបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយរួម។ ក្នុងន័យនេះដែរ លោកជំទាវ ក៏បានលើកទឹកចិត្តដល់ធុរជននិងវិនិយោគិនអ៊ីតាលី មកទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងយល់ពីកាលានុវត្តភាពវិនិយោគនិងពាណិជ្ជកម្មលើវិស័យសក្តានុពលរបស់កម្ពុជារួមមាន៖ កសិកម្ម កសិ-ឧស្សាហកម្ម កង់ វាយនភណ្ឌ និងគ្រឿងអេឡិចត្រូនិចជាដើម។
ជាកិច្ចឆ្លើយតប ឯកឧត្តមអនុរដ្ឋមន្ត្រីអ៊ីតាលី បានថ្លែងអំណរគុណ លោកជំទាវរដ្ឋលេខាធិការ ចំពោះការទទួលស្វាគមន៍ ព្រមទាំងបង្ហាញឆន្ទៈបន្តជំរុញនិងពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកើនឡើងបន្ថែមទៀតនាពេលអនាគត។
បន្ថែមពីនេះ ឯកឧត្តមអនុរដ្ឋមន្ត្រី បានជម្រាបជូនថា វិស័យឯកជនអ៊ីតាលីកំពុងស្វែងរកកិច្ចសហការនិងពិនិត្យលទ្ធភាពចាប់ដៃគូជាមួយក្រុមហ៊ុនកម្ពុជាលើវិស័យសេដ្ឋកិច្ចឌីជីថល សេវាសន្តិសុខអ៊ីនធឺណេត និងយានយន្ត។ ភាគីអ៊ីតាលី ក៏បានបញ្ជាក់ជូនផងដែរថា គណៈប្រតិភូអ៊ីតាលីដែលមានទាំងថា្នក់ដឹកនាំស្ថាប័នរដ្ឋនិងក្រុមហ៊ុនឯកជន គ្រោងមកបំពេញទស្សនកិច្ចនៅកម្ពុជា នាអំឡុងខែ វិច្ឆិកា ឆ្នាំ២០២៣ខាងមុខ ដើម្បីស្វែងយល់អំពីកាលានុវត្តភាពវិនិយោគនិងការធ្វើធុរកិច្ចនៅកម្ពុជា។
ក្នុងជំនួបនេះដែរ ភាគីទាំងពីរក៏បានឯកភាពក្នុងការលើកទឹកចិត្តពង្រឹងកិច្ចសហប្រតិបតិ្តការរវាងវិស័យឯកជនជាពិសេសសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ ដើម្បីបើកផ្លូវឱ្យវិស័យឯកជនទាំងសងខាងធ្វើការជិតស្និទ្ធនិងស្វែងយល់អំពីតម្រូវការទៅវិញទៅមក សំដៅបង្កើនទំហំពាណិជ្ជកម្មនិងវិនិយោគទ្វេភាគីឱ្យដល់គោលដៅដែលភាគីទាំងពីរចង់បាន នាពេលអនាគត។
សូមបញ្ជាក់ថា៖ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងអ៊ីតាលីក្នុងឆ្នាំ២០២២ សម្រេចបានប្រមាណ ៤៤៥ លានដុល្លារអាម៉េរិក បានកើនឡើងប្រមាណ ៣៣,៣៩% បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ កម្ពុជានាំចេញមុខទំនិញសំខាន់ៗទៅអ៊ីតាលីដូចជា៖ សម្លៀកបំពាក់ ស្បែកជើង ធញ្ញជាតិ វត្ថុធ្វើពីដែក និងកៅស៊ូជាដើម រីឯកម្ពុជានាំចូលមុខទំនិញសំខាន់ៗពីអ៊ីតាលីដូចជា៖ ផលិតផលធ្វើពីស្បែកសត្វ គ្រឿងសម្អាង ម៉ាស៊ីនឬបរិធាន ក្រណាត់ប៉ាក់ ឱសថ និងទំនិញដទៃទៀត៕