នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អញ្ជើញជាបិទវគ្គបំប៉នជំនាញប្រយុទ្ធប្រឆាំងបទល្មើសជួញដូរគ្រឿងញៀន
ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ និងនគរបាលជាតិបារាំង នាព្រឹកថ្ងៃសុក្រ ៧រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣នេះ បានរៀបចំពិធីបិទវគ្គបំប៉នជំនាញប្រយុទ្ធប្រឆាំងបទល្មើសជួញដូរគ្រឿងញៀន ក្រោមអធិបតីភាព ឯកឧត្ដម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកការងារប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅទីស្តីការក្រសួងមហាផ្ទៃ។
ពីវេទិកាអធិបតី ឯកឧត្ដម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ បានមានប្រសាសន៍ ថ្លែងអំណរគុណចំពោះក្រសួងមហាផ្ទៃ នៃសាធារណៈរដ្ឋបារាំង ដែលកន្លងមកបានជួយបណ្តុះបណ្តាលជំនាញ ដល់ មន្រ្តីនគរបាលជាតិកម្ពុជា ឲ្យកាន់តែមានសមត្ថភាពបន្ថែមទៀត ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្តថា វគ្គបណ្តុះបណ្តាលបំប៉នជំនាញ ដែលនឹងត្រូវបានបិទបញ្ចប់នៅថ្ងៃនេះ គឺបានផ្តល់បទពិសោធន៍ និងចំណេះដឹងថ្មីមួយ ទៀត សម្រាប់សិក្ខា កាមទាំងអស់ដែលជាមន្រ្តីអនុវត្តច្បាប់ ថ្វីត្បិតតែមានរយៈពេលខ្លី ក៏ប៉ុន្តែយើងបានយល់ដឹងច្រើន ពីសភាពការណ៍សកល ពីសភាពការណ៍នៅប្រទេសបារាំង និងសភាពការណ៍គ្រឿងញៀននៅកម្ពុជា។
ឯកឧត្ដម នាយឧត្ដមសេនីយ៍ អគ្គស្នងការរង មានប្រសាសន៍បន្តថា នៅក្នុងអាណាត្តិទី០៧ នៃរាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងនោះមាន ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការកំណែទម្រង់កងកម្លាំង ហើយនេះជាអាទិភាពទី១ ក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល នោះគឺ ការបង្ការ បង្ក្រាបបទល្មើសគ្រឿងញៀន ដើម្បីរក្សាសុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពល។
ឯកឧត្ដម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ បានបន្ថែមថា គ្រឿងញៀននេះហើយ គឺជាកម្មវត្ថុកង្វល់សកល មិនមែនតែកម្ពុជានោះទេ ដែលវាប៉ះពាល់ដល់សុខភាព និងបង្កមហន្តរាយជាច្រើនដោយ សារបទឧក្រិដ្ឋនានា។ ដូចយើងបានដឹងច្បាស់ហើយក្នុងបណ្ដាបទឧក្រិដ្ឋនានា ដែលកើតមានឡើងក្នុងសកលលោក និងនៅកម្ពុជា ៧០ភាគរយ គឺឧក្រិដ្ឋជនដែលប្រព្រឹត្តិបទល្មើសតែងតែប្រើប្រាស់គ្រឿងញៀន។ ដូចនេះ ក្នុងនាមយើងជាអ្នកអាជីព ជាយុទ្ធជនប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវតែរួមគ្នាបង្ការ បង្រ្កាបបទល្មើសគ្រឿងញៀន ឲ្យសកម្មដើម្បីសុវត្ថិភាពសង្គម។
ក្នុងឱកាសនោះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ ក្នុងនាម ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណដល់លោកស្រី Marianne Flour-Bourril ជាគ្រូឧទេសនាម, អ្នកបកប្រែ និងសិក្ខាកាមទាំងអស់ ដែលបានខិត ខំប្រឹងប្រែងរៀនសូត្រ ក្រេបជញ្ជក់យកចំណេះចេះដឹង ដើម្បីយកទៅបម្រើអង្គភាពឲ្យមានប្រសិទ្ធ ភាព។
ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏កត់សម្គាល់ឃើញដែរថា វគ្គសិក្សានេះថ្វីត្បិតតែពាក់ព័ន្ធច្រើនទៅ លើសភាពការណ៍ កិច្ចសហប្រតិបត្តិការ រចនាសម្ព័ន្ធ ក៏ដូចជាវិធីស្រាវជ្រាវប្រមូលភស្តុតាង ការបង្ក្រាប របស់នគរបាល នៃក្រសួងមហាផ្ទៃ សាធារណៈរដ្ឋបារាំង ក៏ពិតមែន ប៉ុន្តែជាមេរៀនមួយដែលមានគុណតម្លៃ និងប្រសិទ្ធភាពសម្រាប់សិក្ខាកាមទាំងអស់យកទៅអនុវត្តន៍ ពីសេសត្រូវ យក មកឆ្លុះបញ្ជាំងជាមួយនឹងសកម្មភាពប្រចាំថ្ងៃ ក៏ដូចជាផែនការសកម្មភាពរបស់នគរបាលប្រឆាំងគ្រឿងញៀនរបស់កម្ពុជាយើង។ ទោះបីថាច្បាប់នៃប្រទេសទាំងពីរមានភាពខុសគ្នាអំពីនីតិវិធី ការអនុវត្ត ក៏ប៉ុន្តែគោលដៅរួមតែមួយគឺ ស្រាវជ្រាវ រកឲ្យឃើញបង្ក្រាបឲ្យបាន និងប្រមូលភស្តុតាងបញ្ជូនទៅតុលាការដូចគ្នា។
ជាចុងក្រោយ ឯកឧត្ដម នាយឧត្ដមសេនីយ៍ អគ្គស្នងការរង បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះទៅ ត្រូវយកចំណេះចេះដឹងទាំងនេះ ផ្សព្វផ្សាយដល់មន្ត្រីក្រោមឱវាទ ក៏ដូចជាបងប្អូនរួមអាជីព ជាពិសេសក្នុងការងារប្រឈម បង្ការ ការពារ ពេលបងប្អូនចុះប្រតិបត្តិការ។
សូមបញ្ជាក់ថា វគ្កបណ្ដុះបណ្ដាលនេះ មានរយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ដោយមានសិក្ខាកាម សរុបចំនួន ២០រូប មកពីមន្ទីរប្រឆាំងគ្រឿងញៀន, ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ, ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល, ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម, ស្នងការដ្ឋាននគរបាលខេត្តតាកែវ និងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ៕