រដ្ឋមន្ត្រី ប៊ិន ត្រឈៃ អញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងផែនការ ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ
ភ្នំពេញ៖ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ នារសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ នៃក្រសួងផែនការ ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីសាកសួរសុខទុក្ខ ថ្លែងនូវការអរគុណ និងលើកទឹកចិត្តចំពោះការខិតខំប្រឹងប្រែងបំពេញការងារកន្លងមករបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងផែនការ នៅទីស្តីការក្រសួង។
ថ្លែងក្នុងឱកាសនៃពិធីសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងនូវអំណរគុណចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងផែនការ ដែលសម្រេចបានសមិទ្ធផលធំៗ ជាច្រើនជូនក្រសួងផែនការ និងរាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក ជាមួយគ្នានឹងការបន្តបេសកកម្មដ៏ថ្លៃថ្លាបម្រើជាតិ មាតុភូមិ ជាពិសេសបន្តចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពនូវដំណាក់កាលទី១ នៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភានេះ។
មានប្រសាសន៍ផ្តាំផ្ញើ ឯកឧត្តមរដ្ឋមន្ត្រី សូមឱ្យចូលរួមទាំងអស់គ្នាអនុវត្តសម្រេចឱ្យបាននូវបេសកកម្មដ៏ថ្លៃថ្លានេះជាមួយគ្នា ដោយឯកឧត្តមរដ្ឋមន្ត្រី នឹងគិតគូរ ផ្តល់នូវការលើកទឹកចិត្ត និងតម្កល់ប្រយោជន៍ជូនមន្ត្រីរាជការគ្រប់រូបជាចម្បង ៕