អគ្គកុងស៊ុលវៀតណាម ប្តេជ្ញាបន្តជួយជម្រុញគាំទ្រការអភិវឌ្ឍខេត្តសៀមរាប និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែប្រសើរឡើងថែមទៀត
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប នារសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ បានទទួលជួបសម្តែងការគួរសម និងអបអរសាទរការឡើងកាន់តំណែងថ្មីជាអភិបាល នៃគណ:អភិបាលខេត្តសៀមរាប ពីឯកឧត្ដម NGUYEN THANH VAN អគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តបាត់ដំបង នៅសាលាខេត្ត។
ឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានឯកឧត្តមអគ្គកុងស៊ុល ដែលបានអញ្ជើញមកបំពេញបេសកកម្មក្នុងខេត្តសៀមរាប ព្រមទាំងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលវៀតណាម ដែលជានិច្ចកាលតែងតែរក្សានូវទំនាក់ទំនងជាមិត្តល្អជាមួយប្រទេសកម្ពុជា។
ក្នុងនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានលើកពីផែនការស្តារ និងអភិវឌ្ឍវិស័យ ទេសចរណ៍របស់ខេត្តតាមរយៈ នៃការរៀបចំព្រឹត្តិការណ៍កីឡានានា ការតាំងពិព័រណ៍ទេសចរណ៍ និងការបង្កើតផលិតផលទេសចរណ៍ថ្មីរបស់ខេត្ត ជាពិសេសការបើកដំណើរការនៃអាកាសយានដ្ឋានអន្តរជាតិថ្មីក្នុងពេលខាងមុខដ៏ខ្លីនេះ ដែលនឹងបង្តើតជាឱកាសថ្មីមួយទៀត សម្រាប់ខេត្តសៀមរាបទទួលបាននូវកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាខេត្តសៀមរាបច្រើនជាងមុខ។
ជាមួយគ្នានេះ ឯកឧត្តមអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង ក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្តមអភិបាលខេត្ត និងប្តេជ្ញាបន្តជួយ ជម្រុញគាំទ្រការអភិវឌ្ឍខេត្តសៀមរាប ជាពិសេសបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែប្រសើរឡើងថែមទៀត ៕