សម្តេច ម៉ែន សំអន អញ្ជើញចូលរួមបុណ្យកាន់បិណ្ឌវេរទី៨ និងប្រគេនភត្តហាដល់ព្រះសង្ឃចំនួន ៥វត្ត ក្នុងខេត្តកណ្តាល និងរាជធានីភ្នំពេញ
ភ្នំពេញ៖ សម្តេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នាព្រឹកថ្ងៃសៅរ៍ ៨រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមបុណ្យកាន់បិណ្ឌវេនទី៨ និងបាននាំយកទេយ្យវត្ថុ និងថវិកាទៅប្រគេនដល់ព្រះសង្ឃ នៅវត្តចំនួន ៥វត្ត គឺ វត្តមុន្នីប្រសិទ្ធិវង្ស វត្តអង្គសិរីសួស្តី វត្តច័ន្ទបុរីវង្ស វត្តសុវណ្ណវារី និងវត្តមហានន្ទិយនេរញ្ចរារាមនិវេទ ឬ(វត្តព្រែកប្រាំង) ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ នៃខេត្តកណ្តាល និងរាជធានីភ្នំពេញ។
ពិធីប្រារព្ធកាន់បិណ្ឌត្រូវធ្វើឡើងចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ ជាកាលបរិច្ឆេទ ដែលសន្មតទុកថា ជាថ្ងៃបុណ្ឌភ្ជុំបិណ្ឌ។ នៅថ្ងៃនោះមហាជន ប្រុសស្រី ក្មេងចាស់ នៅទូទាំងប្រទេសកម្ពុជានាំគ្នាទៅធ្វើបុណ្យ នៅវត្តដោយមានទឹកមុខរីករាយស្រស់ស្រាយ ពោរពេញទៅដោយជំនឿជឿជាក់ចំពោះព្រះពុទ្ធសាសនា ជឿបុណ្យ ជឿបាប ជឿកម្មផល។ ទាំងអស់គ្នាសុទ្ធតែមានសម្លៀកបំពាក់ល្អៗ ថ្មីៗ យ៉ាងប្រណីត។ ថ្ងៃនេះនៅគ្រប់វត្តទូទាំងប្រទេសមាន ឧបាសក ឧបាសិកា មហាជន មូលមីរ គគ្រឹកគគ្រេង ធ្វើឱ្យបរិយាកាសនៅក្នុងវត្តមាន ភាពឱឡារិក អធិកអធមក្រៃលែង សំឡេងភ្លេងពិណពាទ្យ ឬភ្លេងប្រពៃណីបានបន្លឺរងំ រណ្តំ ពីរោះ ត្រជាក់ ដល់សោតិន្ទ្រិយារម្មណ៍ និងគួរឱ្យ រំភើបរីករាយពន់ប្រមាណ។
នៅក្នុងវេនកាន់បិណ្ឌនេះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានប្រគេនទេយ្យវត្ថុដល់ប្រះសង្ឃចំនួន៥វត្ត ក្នុង១វត្តទទួលបាន៖ ទឹកសុទ្ធ ៥កេស, ទឹកក្រូច ៥កេស, ត្រីខ ១កេសធំ, មី ៥កេស, ស្ករស ៥គីឡូក្រាម, អង្ករ ៥០គីឡូក្រាម និងបច្ច័យមួយចំនួន។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានបួងសួងថ្វាយព្រះពរជ័យថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និង ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និង ជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋ នៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នាជារៀងរហូត ៕