សម្តេចធិបតី អំពាវនាវដល់និស្សិតខ្មែរ ត្រូវស្តាប់តាមការណែនាំ និងអនុវត្តន៍តាមវិធានការចាត់ចែងរបស់អាជ្ញាធរអ៊ីស្រាអែល ដើម្បីរក្សាសុវត្ថិភាព
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈសារសំឡេង នាថ្ងៃទី៨ តុលា បានអំពាវនាវដល់និស្សិត ឬពលរដ្ឋខ្មែរ កំពុងរស់នៅប្រទេសអ៊ីស្រាអែល ត្រូវស្តាប់តាមការណែនាំ និងអនុវត្តន៍តាមវិធានការចាត់ចែងរបស់អាជ្ញាធរអ៊ីស្រាអែល ដើម្បីរក្សាសុវត្ថិភាព។
សម្ដេចធិបតី លើកឡើងបែបនេះក្រោយមានហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានផ្ទុះឡើងចាប់ពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ហើយក៏មានពលរដ្ឋខ្មែរ ចំនួន ៤៥០នាក់ កំពុងមានវត្តមាននៅប្រទេសអ៊ីស្រាអែល។
សម្ដេចធិបតី បញ្ជាក់បន្ថែមថា «ខ្ញុំ សូមអំពាវនាវឲ្យប្រជាពលរដ្ឋយើងមានវត្តនៅប្រទេសអ៊ីស្រាអែល ជាពិសេស ក្មួយ និងប្អូនៗ ជានិស្សិត ដែលរៀននៅទីនោះ សូមព្យាយាម រក្សា នូវសុវត្ថិភាពរបស់ខ្លួនជាពិសេសគឺអនុវត្តតាមគោលការណ៍ណែនាំរបស់អាជ្ញាធរ អ៊ីស្រាអែល»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កិច្ចការងារនេះ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់តាំងពីស្ថានភាពផ្ទុះមក សម្ដេច ក៏បានប្រគល់ភារកិច្ចដល់ ក្រសួងការបទេស និងក្រសួងកសិកម្ម ព្រមទាំងស្ថាប័នពាក់ព័ន្ធ ត្រូវធ្វើការងារជាមួយ អាជ្ញាធរអ៊ីស្រាអែល ដើម្បីថែរក្សាការពារពលរដ្ឋខ្មែរ ឬនិស្សិត ចំនួន ៤៥០នាក់នោះ៕