ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ បំភ្លឺទាក់ទងផេកហ្វេសប៊ុកមួយចំនួន យកវីដេអូផុសបន្ត ដែលសរសេរខ្លឹមសារមិនសមរម្យ និងចោទប្រកាន់មន្ត្រីនគរបាលជាតិ ដែលជាអ្នកអនុវត្តច្បាប់
ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ មានកិត្តិយសសូមបកស្រាយបំភ្លឺជូនសាធារណជនឱ្យបានជ្រាបថា ក្រោយពីមានការបង្ហោះឃ្លីបវីដេអូ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ មានករណីបើកបរមិនយោគយល់រវាងរថយន្ត និងម៉ូតូ ដោយភាគីម៉ូតូស្លៀកពាក់ឯកសណ្ឋាននគរបាលជិះវ៉ាជែងទៅខាងមុខរថយន្តក្នុងស្ថានភាពផ្លូវចង្អៀត បែរម្ចាស់រថយន្តស៊ីផ្លេរ និងបង្កឱ្យប៉ះពាល់ពាក្យសំដីបន្តិចបន្តួច រួចម្ចាស់ខាងភាគីរថយន្តបានយកវិដេអូផុសលើបណ្តាញសង្គមហ្វេសប៊ុក។
ក្រោយពីឃើញការផុសព័ត៌មានខាងលើ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សបានណែនាំឲ្យមានការស្រាវជ្រាវ ទើបដឹងថាមន្រ្តីនគរបាលបើកបរម៉ូតូនោះជាមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងព្រលឹត នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា ។អធិការដ្ឋាននគរបាលខណ្ឌ៧មករា ក៏បានស្រាវជ្រាវនិងកោះហៅម្ចាស់ឡាន Toyota Highlander ដែលមានគណនីឈ្មោះ Hai Dara និងមន្រ្តីនគរបាលអ្នកជិះម៉ូតូមកបំភ្លឺ។
ក្រោយពីសាកសួរ ម្ចាស់រថយន្តបានសារភាពទទួលស្គាល់កំហុស និងធ្វើការសុំទោសជាសាធារណៈ ពីការយករូបភាពមកបង្ហោះប៉ះពាល់សិទ្ធិបុគ្គល គ្រាន់តែបញ្ហាយល់ច្រឡំប៉ះពាក្យសំដីគ្នាបន្តិចបន្តួចសោះ ចំណែកខាងភាគីម៉ូតូដែលជាមន្ត្រីនគរបាល ត្រូវបានប្រធានអង្គភាពបានណែនាំអប់រំ ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពការប្រើប្រាស់ពាក្យសំដី កាយវិកាមិនសមរម្យ ដែលប៉ះពាល់ដល់កត្តិយសកងកម្លាំងនគរបាលជាតិ ដែលជាអ្នកអនុវត្តច្បាប់៕