សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីបិទការថតខ្សែភាពយន្ត «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី»
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីបិទ ការថតខ្សែភាពយន្ត «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» នៅ OCIC ជ្រោយចង្វារ។
ភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ដែលជាភាពយន្តបែប ប្រវត្តិសាស្ត្រ និងឆ្លុះបញ្ចាំងពីជីវិតតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងបុព្វហេតុជាតិមាតុភូមិនោះ បានថតចប់ជាស្ថាពរហើយ។
ភាពយន្តភាគរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ជាភាពយន្តទាក់ទិន ដំណើរជីវិតពិតរបស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងសម័យសង្គ្រាម លន់ នល់ រដ្ឋប្រហារទម្លាក់ សម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ការរត់ចូលព្រៃម៉ាកគីសម័យកាល នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ការឆ្លងដែនចូលទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកកម្លាំងអ្នក ស្នេហាជាតិ មករំដោះប្រទេសចេញពីរបបប៉ុលពត ការជួបជុំភរិយាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩។
ខ្សែភាពយន្តនេះ បានបង្ហាញពីខ្សែជីវិតតស៊ូរបស់សម្តេចតេជោ ពីកុមារភាពត្រូវចាកចេញ ពីមាតាបិតា បងប្អូនបង្កើតនៅភូមិកំណើត ទៅស្វែងរកការសិក្សារៀនសូត្រ នៅរាជធានីភ្នំពេញ ដោយស្នាក់អាស្រ័យជាមួយ ព្រះសង្ឃក្នុងវត្តនាគវ័ន្ត។
ខ្សែភាពយន្តប្រវត្តិសាស្ត្រនេះមានប្រមាណ ៥២ភាគ ហើយចំណាយពេលវេលាថត រយៈ ពេលជាងមួយឆ្នាំ។ ក្រុមការងារផលិតភាពយន្តនេះ បានជ្រើសរើសតួសំដែងសំខាន់ៗចំនួន ១០៣នាក់ តួប្រជាជនយ៉ាងតិច ៥០០នាក់ ព្រមទាំងកងកម្លាំង ៥០០នាក់ផ្សេងទៀត ដើម្បីចូលរួមសំដែងក្នុងឈុតឆាកធំៗ។
សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា ភាពយន្តដែលទាក់ទងទៅនឹង ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាតិនេះ ចំណាយថវិកាសម្រាប់ផលិតប្រមាណជា ៦លានដុល្លារអាមេរិក។ ថវិកាដែលចំណាយថតភាពយន្តនេះ មិនមែនជាថវិកាជាតិនោះឡើយ៕