អភិបាលខេត្តបាត់ដំបង ណែនាំចំពោះស្រុកព្រំដែននឹងប្រទេសថៃ ត្រូវធ្វើការគ្រប់គ្រងឱ្យបានល្អនូវការចេញចូលរបស់អ្នកដំណើរ និងការដឹកជញ្ជូនទំនិញ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរបស់រដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែកញ្ញា ឆ្នាំ២០២៣ នៅសាលប្រជុំអគារE សាលាខេត្តបាត់ដំបង ។
ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រីអភិបាលក្រុងស្រុកទាំង១៤ លោក លោកស្រីជាប្រធាន អនុប្រធានមន្ទីរអង្គភាព ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀត ។
ក្នុងឱកាសនោះដែរ លោក ធូ ភា អភិបាលរងខេត្តបាត់ដំបង បានថ្លែងរាយការណ៍អំពីលទ្ធផលការងារ ដែលបានសម្រេចកន្លងទៅជូនដល់ថ្នាក់ដឹកនាំ និងអង្គប្រជុំទាំងមូលផងដែរ ។
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានមានប្រសាសន៍ថ្លែងដល់រដ្ឋបាលក្រុងស្រុក អាជ្ញាធរ មន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវខិតខំបន្តនិរន្ដរភាពការងារនេះឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដោយមិនត្រូវដកដៃថយក្រោយឡើយ ពោលគឺត្រូវខិតខំយ៉ាងណាឱ្យបាននូវលទ្ធផលការងារកាន់តែមានការរីកចម្រើនជាលំដាប់ ។
ឯកឧត្តមបានធ្វើការណែនាំដល់រដ្ឋបាលក្រុងស្រុក ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់ ត្រូវពិនិត្យឡើងវិញចំពោះហាងបញ្ចាំមួយចំនួន តបតាមការណែនាំរបស់ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ព្រោះហាងបញ្ចាំមួយចំនួនជាទីកន្លែងដែលទទួលផលចោរកម្មខុសច្បាប់ ជាហេតុធ្វើឱ្យមានអំពើចារកម្ម ឬឃាតកម្មកើតឡើង ដោយសារតែមានកន្លែងទទួលផលចោរកម្មនេះ និងត្រូវធ្វើការអប់រំ ណែនាំដល់ម្ចាស់ហាងបញ្ចាំបែបប្រពៃណី ជាលក្ខណៈគ្រួសារមួយចំនួនឱ្យមានការយល់ដឹងបន្ថែមអំពីករណីនេះ និងស្វែងយល់ឱ្យបានច្បាស់មុននឹងទទួលបញ្ចាំអ្វីមួយ ។
ឯកឧត្តមបានបន្តទៀតថា បញ្ហាគ្រឿងញៀននូវតែបញ្ហាចម្បងដែលយើងត្រូវបន្តយកចិត្តទុកដាក់ ដូចនេះត្រូវខិតខំស្រាវជ្រាវបង្រ្កាបឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ជាងមុននូវអ្នកប្រើប្រាស់ និងជួញដូរគ្រឿងញៀនដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួន ហើយជាពិសេសត្រូវពិនិត្យមើលកងកម្លាំងរបស់ខ្លួន ព្រោះកងកម្លាំងគឺជាគំរូមុនគេ ប្រសិនបើរកឃើញថាមានពាក់ព័ន្ធនឹងគ្រឿងញៀន ត្រូវចាត់វិធានការទៅតាមច្បាប់វិន័យរបស់កងកម្លាំង ។
ឯកឧត្តមបានធ្វើការណែនាំបន្ថែមចំពោះស្រុកព្រំដែននឹងប្រទេសថៃ ត្រូវធ្វើការគ្រប់គ្រងឱ្យបានល្អនូវការចេញចូលរបស់អ្នកដំណើរ ការដឹកជញ្ជូនទំនិញត្រូវមានការពិនិត្យ និងមានការបង់ពន្ធច្បាស់លាស់ ព្រមទាំងសន្ដិសុខនៅតាមបណ្ដោយព្រំដែនដែលមាននៅក្នុងភូមិសាស្រ្ដរបស់ខ្លួន ក្នុងនោះដែរ យោងតាមបទបញ្ជារបស់ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញបញ្ជាឱ្យបិទច្រករបៀងខុសច្បាប់ទាំងអស់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ក្រោយពីមានភាពមិនប្រក្រតីមួយចំនួនកើតឡើងនៅច្រករបៀងនេះ ដូចជាការលួចលាក់យកកម្រៃក្រៅផ្លូវការពីពលករ និងប្រជាពលរដ្ឋទូទៅ ការលួចជួញដូរមនុស្សខុសច្បាប់ ឬលួចនាំចូលទំនិញខុសច្បាប់ជាដើម ៕