ឯកឧត្តម អ៊ូច ភា អញ្ជើញជួបសំណេះសំណាលជាមួយ សមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ ទូទាំងស្រុកព្រៃកប្បាស និងស្រុកអង្គរបូរី
ភ្នំពេញ៖ ឯកឧត្តម អ៊ូច ភា ប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ នាព្រឹកថ្ងៃចន្ទ ទី០៩ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយ សមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ ដែលអញ្ជើញមកពីទូទាំងស្រុកព្រៃកប្បាស និងទូទាំងស្រុកអង្គរបូរីចំនួនជិត១០០នាក់។
ពិធីនេះក៏មានការអញ្ជើញចូលរួមដោយ ឯកឧត្តម ឡាយ សុខា ប្រធានគណឃោសនាអប់រំ នៃគណបក្សខេត្ត ប្រធានគណបក្សស្រុកអង្គរបូរី ប្រធានគណបក្សស្រុកព្រៃក្បាស លោក ឌឹម គឹមសាន អនុប្រធានគណបក្សស្រុកព្រៃកប្បាស លោក រស់ ប៊ុនធឿន អនុប្រធានគណបក្សស្រុកអង្គរបូរី ព្រមទាំង សមាជិក សមាជិកា គណបក្សស្រុក ឃុំ ចូលរួមផងដែរ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា ប្រធានគណបក្សខេត្ត ក៏បានថ្លែងអំណរគុណដល់ សមាជិក សមាជិកា គណបក្សទាំងអស់ ដែលខិតខំប្រឹងប្រែងទាំងកម្លាំងកាយកម្លាំងចិត្ត និងពេលវេលា ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនបានល្អប្រសើរនាពេលកន្លងមក ជាពិសេសបានចូលរួមយ៉ាងសកម្ម នៅអំឡុងពេលយុទ្ធនាការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឱ្យទទួលបានជ័យជម្នៈច្រើនលើសលុប។
ឯកឧត្តមប្រធានគណបក្សខេត្ត បានបន្តទៀតថា ក្នុងនាមជាមន្រ្តីគណបក្ស ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ត្រូវបន្តយកចិត្តទុកដាក់ ដឹងសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅក្នុងភូមិ សង្កាត់ របស់ខ្លួន ពិសេសត្រូវតែដោះស្រាយ និងចាត់ទុកបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋជាបញ្ហាអាទិភាព ដើម្បីជាភាពកក់ក្តៅសម្រាប់ពលរដ្ឋ ហើយក្នុងនោះដែរក៏ត្រូវតែបម្រើសេវាសាធារណៈជូនពួកគាត់ឱ្យបានល្អ ឆាប់រហ័សផងដែរ ជាពិសេសត្រូវយកចិត្តទុកដាក់បញ្ហាភូមិឃុំមានសុវត្ថិភាព និងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលខ្វះខាត ជួបការលំបាកផ្សេងៗជាយថាហេតុ ហើយក្នុងនោះដែរត្រូវបន្តយន្តការដោះស្រាយវិវាទផ្សេងៗ របស់ពលរដ្ឋនៅតាមមូលដ្ឋានក្រៅប្រព័ន្ធតុលាការ អោយបានទទួលបានលទ្ធផលល្អប្រសើរផងដែរ។
ជាមួយគ្នានេះដែរ ឯកឧត្តមប្រធានគណបក្សខេត្ត ក៏បានក្រើនរំលឹកទៅដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវតែពង្រឹងសន្តិសុខ និងសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងឱកាសបុណ្យកាន់បិណ្ឌនិងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ប្រព្រឹត្តទៅដោយបរិយាកាសជួបជុំបងប្អូន ដោយក្តីសប្បាយរីករាយ ៕