ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការចំណុះសាលាខេត្ត
ភ្នំពេញ៖ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការចំណុះសាលាខេត្ត ព្រមទាំងបានចែកជូនប្រេងសាំង ថវិកា និងលិខិតសរសើរ ដើម្បីជាការលើកទឹកចិត្ត ចំពោះកិច្ចខិតខំបំពេញភារកិច្ចនាពេលកន្លងមក និងបន្តឲ្យកាន់តែល្អបន្ថែមទៀត ដែលជាការផ្តល់ភាពកក់ក្តៅ រួមសុខរំលែកទុក្ខ ជួយសម្រួលក្នុងការធ្វើបុណ្យទាន និងចំណាយនានា ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៣នេះ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានកោតសរសើរដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីរាជការសាលាខេត្ត ដែលមានសាមគ្គីភាពផ្ទៃក្នុងបានល្អ ខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយឆន្ទៈមនសិការខ្ពស់ និងបន្តអភិវឌ្ឍន៍ចំណេះដឹង ពង្រឹងសមត្ថភាព បន្តនាំយកនូវភាពជោគជ័យ ក្នុងភារកិច្ចការងារ ជូនរដ្ឋបាលខេត្ត។
ឆ្លៀតក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានអំពាវនាវដល់មន្ត្រីរាការគ្រប់លំដាប់ថ្នាក់ចូលរួមជាមួយពលរដ្ឋឲ្យបានច្រើនកុះករ ទស្សនាកម្សាន្តសប្បាយដោយសេរីក្រោមម្លប់សុខសន្តិភាព នូវព្រឹត្តការណ៍ដែលរដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំឡើងនៅបរិវេណអាងទឹកសោភ័ណ ស្ថិតនៅទីរួមខេត្តត្បូងឃ្មុំ ដើម្បីបង្កើនបរិយាកាសសប្បាយរីករាយចលនាទេសចរណ៍ ក្នុងរដូវភ្ជុំបិណ្ឌនេះ ក៏ដូចជាអបអរសាទរពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣នេះ។
ព្រឹត្តិការណ៍នេះ មានរយៈពេល០៧ថ្ងៃ ក្នុងនោះចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ មានការតាំងពិពរណ៍បង្ហាញទំនិញភូមិ១ផលិតផល១, ថ្ងៃ១៤ និង១៥ ខែតុលា បន្ថែមដោយការប្រគុំតន្រ្តីខ្នាតយក្ស ការសម្តែងសិល្បៈនានា ជាពិសេសនៅថ្ងៃទី១៥ ខែតុលា បន្ថែមនូវការប្រណាំងទូកខ្នាតអន្តរជាតិ ទូកត្នោត ខ្ទះត្នោត ប្រមាណ៤០គូ ហើយមានការបណ្តែតប្រទីប បង្ហោះគោម និងបាញ់កាំជ្រួចចម្រុះពណ៍យ៉ាងស្រស់ស្អាតពាសពេញផ្ទៃមេឃ នាពេលរាត្រីផងដែរ ៕