សម្តេចតេជោអះអាងថា ក្នុងតួនាទីជាប្រធានបក្សកាន់អំណាច សម្តេចនៅតែមានសិទ្ធិបញ្ចេញយោបល់លើបញ្ហានយោបាយទាំងក្នុង និងក្រៅប្រទេស
ភ្នំពេញ៖ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអះអាងថា ក្នុងឋានៈសម្តេចជាឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានគណបក្សកាន់អំណាច សម្តេចនៅតែមានសិទ្ធិបញ្ចេញយោបល់ទៅលើបញ្ហានយោបាយទាំងក្នុងប្រទេស និងក្រៅប្រទេស។
ការអះអាងបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងរសៀលនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសដែលសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីបិទ ការថតខ្សែភាពយន្ត «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» នៅ OCIC ជ្រោយចង្វារ។
សម្តេចតេជោ បានអះអាងយ៉ាងដូច្នេះថា “មេបក្សកាន់អំណាចនៅតែមានអំណោច អញ្ចឹងសូមផ្តាំទៅបើថាល្ងង់ណាស់ បង្រៀនបន្តិចទៅចុះ…! ក្នុងឋានៈខ្ញុំជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប៉ុន្តែ ក្នុងតួនាទីជាប្រធានគណបក្សកាន់អំណាច ខ្ញុំនៅតែមានសិទ្ធិបញ្ចេញយោបល់ទៅលើបញ្ហានយោបាយទាំងក្នុងប្រទេស និងក្រៅប្រទេស”។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សម្តេចមិនមានសិទ្ធិបញ្ជាកម្លាំងជំនួសឱ្យនាយករដ្ឋមន្ត្រីនោះទេ ម៉ោងនេះ ពេលនេះមានតែនាយករដ្ឋមន្ត្រីទេ ដែលមានសិទ្ធិបញ្ជាកម្លាំង ក៏ប៉ុន្តែ សម្តេចមានសិទ្ធិត្រួតត្រាលើកិច្ចការនយោបាយ៕