សម្តេចតេជោ ថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានឧបត្ថម្ភគាំទ្រដល់ការថតភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី»
ភ្នំពេញ៖ នៅក្នុងឱកាសអញ្ជើញជាអធិបតីបិទ ការថតខ្សែភាពយន្ត «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី»នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣នេះ បានថ្លែងអំណរគុណ ដល់សប្បុរសជនទាំងអស់ ដែលបានឧបត្ថម្ភគាំទ្រ ដល់ការថតភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ហើយភាពយន្តនេះ ជាភាពយន្តចំណាយច្រើនជាងគេ ក្នុងចំណោមភាពយន្តថតនៅកម្ពុជា។
សម្តេចតេជោ បានបញ្ជាក់ថា “ខ្ញុំសូមអរគុណ ចំពោះសប្បុរសជននានា ដែលបានចូលរួមជួយ នៅក្នុងការផ្គត់ផ្គង់ថវិកាសម្រាប់ការថតរឿងនេះ ដែលជាការចំណាយច្រើនបំផុត នៅក្នុងប្រវិត្ដនៃខ្សែភាពយន្ដរបស់កម្ពុជាយើង”។
សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងផងដែរថា ភាពយន្តទាំង៩៩ភាគ នៃភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» នេះ ត្រូវបានឆ្លងកាត់ការពិនិត្យគ្រប់ភាគ ហើយភាគខ្លះ ត្រូវបានសម្តេចតម្រូវឲ្យថតឡើងវិញផងដែរ៕