សម្តេចតេជោ៖ ការលះបង់តំណែងនាយករដ្ឋមន្រ្តីរបស់ខ្ញុំ គឺជាការលះបង់ដើម្បីប្រជាជនកម្ពុជា រស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍ
ភ្នំពេញ៖ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា តើនៅលើពិភពលោកនេះ មានបុគ្គលណាដែលប្រជាប្រិយភាពរបស់ខ្លួនកំពុងតែកើនឡើងខ្ពស់ហើយសុខចិត្តបោះបង់អំណាចរបស់ខ្លួន?
សម្តេចតេជោបានបញ្ជាក់បន្ថែមថា ការលះបង់តំណែងនាយករដ្ឋមន្រ្តីរបស់របស់សម្តេច សម្រាប់អាណត្តិទី៧នេះ គឺជាការលះបង់ដើម្បីប្រជាជនកម្ពុជា រស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍបន្តទៅទៀត។
ការលើកឡើងបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីបិទការថតខ្សែភាពយន្ត «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» នៅអគារ OCIC ជ្រោយចង្វារ នារសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣នេះ។
សម្តេចបានពន្យល់ថា នៅលើពិភពលោកនេះ មានមនុស្សមួយចំនួនចុះចេញពីអំណាចដោយសារតែធ្លាក់ក្នុងការបោះឆ្នោត ឯមនុស្សមួយចំនួនទៀត ចុះចេញពីអំណាចដោយសារតែបញ្ហានេះបញ្ហានោះ ក៏ប៉ុន្តែសម្រាប់សម្តេច ការចុះចេញពីអំណាច ដោយសារតែការគិតគូរសម្លឹងទៅឱ្យឆ្ងាយបន្តិច ដោយសារតែគិតគូរពីកត្តាសន្តិភាព សម្រាប់ប្រទេសរបស់កម្ពុជា៕