សម្តេចតេជោ៖ តាំងពីកុមារមកដល់ពេលនេះ មិនអាចមានអ្នកណាមកវ៉ៃក្បាល ហ៊ុន សែន បានទេ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានស្នើលោក ហ្វៃ សំអាង ដែលជាអ្នកដឹកនាំការផលិតភាពយន្តចម្រៀងជីវីតក្មេងវត្ត ដកឈុតដែលគេចាក់ស្រាលើក្បាលសម្តេច ក្នុងភាពយន្តចម្រៀងជីវិតក្មេងវត្តចេញ ព្រោះមិនមែនជាកាពិត។
សម្តេចតេជោថ្លែងបែបនេះធ្វើឡើងឱកាសដែល សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបិទ ការថតខ្សែភាពយន្ត «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី»។ ពិធីនេះ បានរៀបចំធ្វើឡើង នៅមជ្ឈមណ្ឌលពិព័រណ៍អន្ដរជាតិជ្រោយចង្វារ OCIC រាជធានីភ្នំពេញ នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣។
សម្តេចបានបញ្ជាក់ថា ការស្នើឱ្យដកឈុតនេះចេញព្រោះមនុស្សដូចសម្តេចមិនដែលឱ្យអ្នកណាម្នាក់យកស្រាមកចាក់លើក្បាលនោះឡើយ។ ម្យ៉ាងទៀតរូបភាពបែបនេះគឺជាការបង្ហាញវប្បធម៌មិនគោរពផងដែរ។
សម្តេចតេជោមានប្រសាសន៍បន្ថែមថា “ខ្ញុំនិទានអំពីរឿងនេះបន្តិចចុះ អារឿងបញ្ហាត្រង់វគ្គនោះកែបន្តិចបានទេ ខ្ញុំដូចជាធ្លោយត្រង់កន្លែងហ្នឹង។ស្រាប់តែឃើញចាក់ស្រាលើក្បាល ខ្ញុំថាស្រេច ! មនុស្សដូច ហ៊ុន សែន តាំងពីកុមារមិនអាចមានអ្នកណាមកវ៉ៃក្បាល ហ៊ុន សែន បានទេ រហូតដល់ពេលនេះ“៕