ប្រព័ន្ធធារាសាស្ត្រទន្លេវ៉ៃគោ មានប្រភពទឹកមកពីទន្លេមេគង្គ ស្ថិតនៅក្នុងខេត្តកំពង់ចាម ខេត្តព្រៃវែង និងខេត្តស្វាយរៀង
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកបានបញ្ជាក់ឱ្យដឹងថា ប្រព័ន្ធធារាសាស្ត្រទន្លេវ៉ៃគោ មានប្រភពទឹកមកពីទន្លេមេគង្គ ស្ថិតនៅក្នុងខេត្តកំពង់ចាម ខេត្តព្រៃវែង និងខេត្តស្វាយរៀង។៊
ក្រសួងបន្តថា ប្រព័ន្ធធារាសាស្ត្រវ៉ៃគោត្រូវបានអភិវឌ្ឍន៍សាងសង់ជា២ ជំហានគឺ៖
– ជំហានទី១ ចាប់ផ្តើមក្នុងឆ្នាំ២០១៣ និងបញ្ចប់ក្នុងឆ្នាំ២០១៦ ស្ថិតនៅតំបន់ប្រសព្វគ្នារវាង ខាងត្បូងខេត្តកំពង់ចាម និងខាងជើងខេត្តព្រៃវែង មានផ្ទៃរងទឹក ៧៩៥ ០០០គីឡូម៉ែត្រការ៉េ មានលទ្ធភាពផ្គត់ផ្គង់ទឹកស្រោចស្រពបានទំហំ ១០៨ ៣០០ហិកតានៅរដូវវស្សា និង ២៧០ ១០០ហិកតានៅរដូវប្រាំង។
– ជំហានទី២ ចាប់ផ្តើមក្នុងឆ្នាំ២០១៧ និងបញ្ចប់ក្នុងឆ្នាំ២០២១ ស្ថិតនៅតំបន់ប្រសព្វរវាង ខាងកើតខេត្តព្រៃវែង និងខាងលិចខេត្តស្វាយរៀង មានផ្ទៃរងទឹក ៧៩៥០០០ គីឡូម៉ែត្រការ៉េ មានលទ្ធភាពផ្គត់ផ្គង់ទឹកស្រោចស្រពបានទំហំ ៩៣ ១០០ហិកតានៅរដូវវស្សា និង ២៣៣០០ហិកតានៅរដូវប្រាំង។
ក្រសួងធនធានទឹកបានឱ្យដឹងទៀតថា ការអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រវ៉ៃគោ ក្នុងគោលបំណងនាំទឹកទន្លេមេគង្គតាមរយៈផ្នែកខាងលើទន្លេតូច តាមព្រែកកំពង់ត្របែក និងព្រែកជីកថ្មី ដើម្បីពង្រីកផ្ទៃដីស្រោចស្រពឱ្យមានសក្តានុពល អាចបង្កើនផលិតភាព ប្រសិទ្ធភាពកសិកម្ម និងលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានភាពរីកចម្រើនទ្វេដង៕