ឯកឧត្តម កែ គឹមយ៉ាន អញ្ជើញចូលរួមពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តវេឡុវនោទ្យាន (ហៅវត្តស្វាយចេក) ក្នុងខេត្តបន្ទាយមានជ័យ
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងពុទ្ធបរិស័ទជាច្រើននាក់ នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមពិធីសូត្រមន្តកាន់បិណ្ឌវេនទី១២ នៅវត្តវេឡុវនោទ្យាន (ស្វាយចេក) ស្ថិតនៅឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដើម្បីឧទ្ទិសទៅដល់វិញ្ញាណក្ខន្ធជីដូនជីតា និងបុព្វការីជន ដែលបានចែកឋាន ទៅកាន់លោកខាងមុខ និងសុំឲ្យមគ្គផលកើតចេញពីការធ្វើបុណ្យនេះ សូមឲ្យជាតិខ្មែរទាំងមូលបានជួបក្តីសុខក្សេមក្សាន្តជានិច្ចនិរន្តន៍។
ឯកឧត្ដម កែ គឹមយ៉ាន និងលោកជំទាវ បានអញ្ជើញថ្វាយនូវគ្រឿងសក្ការៈបូជា ទៀន ធូប ផ្កាភ្ញី និងប្រារព្ធកិច្ចបទនមស្ការព្រះរតនត្រ័យ សមាទាននិច្ចសីល និមន្តព្រះសង្ឃសូត្រព្រះធម៌ស្វាធ្យាយ ចម្រើនព្រះបរិត្ត និងពុទ្ធជ័យមង្គល និងថ្វាយបង្គំគុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី គឺ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងឧទ្ទិសថ្វាយវត្ថុសក្ដិសិទ្ធិក្នុងលោក ទេវតាអភិបាលរក្សាទីអារាមវត្តវេឡុវនោទ្យាន ដើម្បីចំរើននូវសេចក្ដីសុខ និងសេចក្ដីជ្រះថ្លា ព្រមទាំងសមាទានសីល និងសម្ដែងព្រះធម៌ទេសនា។
បន្ទាប់ពីបញ្ចប់កិច្ចសូត្រមន្តកាន់បិណ្ឌនាល្ងាចនេះ នាព្រឹកស្អែក ឯកឧត្ដម កែ គឹមយ៉ាន និងលោកជំទាវ នឹងអញ្ជើញនាំយកនូវចង្ហាន់ ទេយ្យទាន និងគ្រឿងបរិក្ខារ រាប់បាត្រ វេរប្រគេនព្រះសង្ឃ។
ជាកិច្ចបន្ទាប់ ឯកឧត្ដម កែ គឹមយ៉ាន ក៏បានចូលសួរសុខទុក្ខលោកយាយ លោកតា ប្រជាពលរដ្ឋ និងអុជធូប បួងសួង ឧទ្ទិសកុសល នៅចេតិយ៍ក្នុងបរិវេណវត្តតាបែន ៕