វគ្គហ្វឹកហ្វឺននាយទាហានរង ថ្នាក់កងអនុសេនាតូចថ្មើរជើងជំនាន់ទី១៨ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក បានបិទបញ្ចប់ដោយជោគជ័យ
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក អ៊ួន សារឿន មេបញ្ជាការរងកងទ័ពជើងគោក បានអញ្ជើញជាអធិបតី បិទវគ្គហ្វឹកហ្វឺននាយទាហានរងថ្នាក់ កងអនុសេនាតូចថ្មើរជើងជំនាន់ទី១៨ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក ពេជ្រនិល នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ។
ថ្លែងក្នុងពិធីបិទវគ្គ ឧត្តមសេនីយ៍ឯក អ៊ួន សារឿន បានថ្លែងការកោតកោតសរសើរដល់ ឯកឧត្តម អស់លោក នាយក នាយករង នាយ-ពលទាហាន មជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក យោធាចារ្យ និងសិក្ខាកាមទាំងអស់ ដែលបានយកចិត្តទុកដាក់ខ្ពស់ធ្វើឲ្យវគ្គហ្វឹកហ្វឺននេះ បានបញ្ចប់ទៅដោយទទួលបានលទ្ធផលគួរជាទីមោទភាព ។
ឧត្តមសេនីយ៍ឯក អ៊ួន សារឿន បានបន្តទៀតថា វគ្គដែលបានបញ្ចប់នេះ ថាពិតជាមានសារៈសំខាន់ និងផ្តល់នូវចំណេះដឹង ជាប្រភពធនធានមនុស្ស នៃកងយោធពលខេមរភូមិន្ទ ពិតប្រាកដទាំងចំណេះដឹង និងជំនាញពិតប្រាកដក្នុងភារកិច្ចការពារជាតិបានរឹងមាំ ។
ឧត្តមសេនីយ៍ឯក អ៊ួន សារឿន បានផ្តាំផ្ញើដល់កម្មសិក្សាការីទាំងអស់ត្រូវយកចំណេះដឹងបានមកពីការសិក្សារៀនសូត្រយកទៅបម្រើជាតិមាតុភូមិ ឲ្យចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់ និងផ្សព្វផ្សាយបន្តដល់មិត្តរួមអាជីព ។ ត្រូវស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ គោរពឲ្យបានច្បាប់ លក្ខន្តិកៈ បទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទឲ្យបានខ្ជាប់ខ្ជួន ។ ត្រូវប្តេជ្ញាគាំទ្រពេញទំហឹង និងចូលរួមអនុវត្តយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលនីតិកាលទី៧ ក្នុងការអនុវត្តវិធានការ គោលនយោបាយ និងកម្មវិធីនានា នៅក្នុងក្របខណ្ឌនៃ «យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ប្រកបដោយប្រសិទ្ធភាព ៕